ឃាត់រថយន្តក្រុងដឹកទំនិញនាំចូលចំនួន៨គ្រឿង រកឃើញនូវបទល្មើសក្លែងបន្លំ មិនមានអនុលោមភាព, រំលោភកម្មសិទ្ធិបញ្ញា និងមិនមានឯកសារពាក់ព័ន្ធនឹងការនាំចូល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅរសៀល​ថ្ងៃ​ពុធ​ទី​០២​ ខែមិនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ ដោយមានការចង្អុលបង្ហាញជាប្រចាំពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៅរសៀលថ្ងៃអង្គារ ទី១ ខែមីនាម្សិលមិញនេះ​ មន្រ្តីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានកំណត់មុខសញ្ញា និងស្ទាក់ឃាត់រថយន្តក្រុងចំនួន៨គ្រឿង ដែលបានដឹកទំនិញចូលពីព្រំដែនប្រទេសវៀតណាម នៅចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កិច្ចការនេះ ត្រូវបានធ្វើឡើងដោយមានកិច្ចសហការពីកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្វែងរកភាពមិនអនុលោមនៃទំនិញទៅនឹងបទប្បញ្ញត្តិជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ការពារសិទ្ធិរបស់អ្នកប្រើប្រាស់ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ធានាបានការប្រកួតប្រជែងប្រកបដោយស្មោះត្រង់ និងសុចរិតក្នុងធុរកិច្ច។

លទ្ធផលបឋម មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានឃាត់ឆែកឆេរ រកឃើញនូវបទល្មើសក្លែងបន្លំ មិនមានអនុលោមភាពលើលិខិតបទដ្ឋានគតិយុត្ត រំលោភកម្មសិទ្ធិបញ្ញា និងមិនមានឯកសារពាក់ព័ន្ធនឹងការនាំចូល លើប្រភេទទំនិញមួយចំនួន។ មន្រ្តីជំនាញនឹងបន្តអនុវត្តវិធានការ ស្របតាមនីតិវិធីជាធរមាន។

សូមបញ្ជាក់ផងដែរថា មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. ជាមន្រ្តីនគរបាលយុត្តិធម៌ ដែលត្រូវបានផ្តល់អាណត្តិដោយច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា និងជានគរបាលយុត្តិធម៌ដែលត្រូវបានផ្តល់អាណត្តិដោយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង ឱ្យកំណត់បទល្មើសក្រោមដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការអនុវត្តច្បាប់ទាំង៣ខាងលើ ដើម្បីធានាបាននូវការការពារសុខុមាលភាពប្រជាពលរដ្ឋ សិទ្ធិអ្នកប្រើប្រាស់ និងធុរកិច្ចក្នុងការប្រកួតប្រជែងដោយស្មោះត្រង់ និងសុចរិត៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print