តើ​ចិន​កំពុង​តែ​ប្រើប្រាស​កូរ៉េ​ខាងជើង​សម្រាប់​ទប់ទល់​អា​មេ​រិ​ក​ឬ​?

ចែករំលែក៖

ចិន​មិន​ដែល​មាន​ប្រតិកម្ម​អ្វី​ចំពោះ​ការ​សាកល្បង​គ្រាប់បែកបរមាណូ​របស់​កូរ៉េ​ខាងជើង​នោះ​ឡើយ​ ដោយ​ចិន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឱ្យ​កូរ៉េ​ខាងជើង​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ដ​បើ​ទោះជា​សហគមន៍​អន្ដរ​ជាតិ​ថ្កោលទោស​ខ្លាំង​ប៉ុនណា​ក៏​ដោយ​ ។​

​ការ​ស្ងប់ស្ងាត់​របស់​ចិន​ត្រូវ​បាន​អ្នកវិភាគ​ចាត់​ទុក​ថា​ ជា​យុទ្ធសាស្ដ្រ​មួយ​ដ៏​ល្អ​បំផុត​របស់​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​ពង្រីក​អំណាច​នៅ​ក្នុង​តំបន់​អាស៊ី​។​ ចិន​មិន​សូវ​មានការ​ព្រួយបារម្ភ​ពី​អា​មេ​រិ​ក​ឡើយ​ដោយ​មាន​កូរ៉េ​ខាងជើង​ដែល​ជា​កូនចៅ​របស់​ចិន​បាន​គំរាមកំហែង​អា​មេ​រិ​ក​ទៅ​ហើយ​។ ​ទាំងនោះ​បានជា​ចិន​សម្ងំ​ទុក​ឱ្យ​កូរ៉េ​ខាងជើង​ផលិត​ និង​សាកល្បង​បរ​មា​ណូ​គ្រប់ពេលវេលា​។​ ការ​ដែល​កូរ៉េ​ខាងជើង​មាន​កម្លាំង​ខ្លាំង​នោះ​ចិន​ក៏​មាន​ភាព​កក់ក្ដៅ​ផង​ដែរ​ ដោយ​ខ្លួន​មិន​ស្ថិត​នៅ​ឯកោ​ឡើយ​គឺ​មាន​កូរ៉េ​ខាងជើង​ជួយ​ទប់ទល់​អា​មេ​រិ​ក​ ជប៉ុន ​និង​កូរ៉េ​ខាងត្បូង​ ។​

​កត្ដា​ដែល​ជំរុញ​ឱ្យ​កូរ៉េ​ខាងជើង​សម្រេច​សាកល្បង​នោះ​ក៏​កើតឡើង​ពី​ភាគី​ចិន​នោះ​ដែរ​។ ​តាម​មន្ដ្រី​កូរ៉េ​ខាងជើង​បញ្ជាក់​ថា​ មេដឹកនាំ​លោក​ គី​ម​ ជុង​អ៊ុ​ន​ សម្រេច​ឱ្យ​សាកល្បង​បរមាណូ​តាំងពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​ គឺ​ថ្ងៃ​ដែល​ក្រុម​ចម្រៀង​កូរ៉េ​ខាងត្បូង​លុប​ចោលការ​ស​ម្ដេ​ង​នៅ​ទីក្រុង​ប៉េ​កាំ​ង​ ដោយសារ​តែ​ប្រ​ធានា​ធិ​បតី​ ស៊ី​ ជី​ង​ពីង​ មិន​បាន​ចូលរួម​ទស្សនា​នៅ​ក្នុង​ការ​សម្ដែង​នោះ​។​ ការ​សាកល្បង​នោះ​ជា​សកម្មភាព​កើត​ចេញពី​ភាគី​ចិន​ដែល​បញ្ឆេះ​មេដឹកនាំ​ គី​ម​ ជុង​អ៊ុ​ន ​ធ្វើ​ដូច្នេះ​ដើម្បី​បង្វែរ​ការ​ចាប់អារម្មណ៍​ពី​មតិ​សាធារណៈ​ទៅ​កាន់​ទីនោះ​ដោយ​ងាក​ចេញ​ពី​ប្រទេស​ចិន​និង​វិវាទ​រវាង​ចិន​នឹង​ប្រទេស​ជិតខាង​ ។​

​ក្រុម​អ្នកជំនាញ​ផ្នែក​អាវុធ​នុយ​ក្លែ​អ៊ែ​រ​និង​ធរណីវិទ្យា​ជា​ច្រើន​នាក់​បាន​ផ្ដល់​ការ​វិភាគ​ប្រហាក់ប្រហែល​គ្នា​ដោយ​យោង​ទៅ​លើ​កម្រិត​រញ្ជួយ​ដី​ដែល​បង្ក​ឡើង​ដោយ​គ្រាប់បែក​របស់​កូរ៉េ​ខាងជើង​។​ លោក​ Crispin​ Rovere​ អ្នកជំនាញ​ធរណីវិទ្យា​ជនជាតិ​អូស្ដ្រាលី​បាន​អះអាង​ថា​ យោង​តាម​កម្រិត​រញ្ជួយ​ដែល​ស្មើ​ប្រមាណ​ជា ​៥​រ៉ិ​ច​ទ័​រ​ កូរ៉េ​ខាងជើង​បាន​បំផ្ទុះ​សាកល្បង​គ្រាប់បែកបរមាណូ​ដោយ​ជោគជ័យ​ក៏​ប៉ុន្ដែ​មិន​ឈាន​ទៅ​បំផ្ទុះ​គ្រាប់​ប្រភេទ​អ៊ី​ដ្រូ​ហ្សែ​ន​ទេ​។​ ចំណែក​លោក​ Bruce​ Bennett​ អ្នកជំនាញ​បរមាណូ​អា​មេ​រិ​ក​បាន​អះអាង​ផង​ដែរ​ថា​ គ្រាប់បែក​ដែល​កូរ៉េ​ខាងជើង​បាន​សាក​អាច​មាន​ទំហំ​ប៉ុន​គ្រាប់​បរមាណូ​ដែល​ទម្លាក់​នៅ​ហ៊ី​រ៉ូ​ហ្ស៊ី​ម៉ា​ តែ​លោក​ច្បាស់​ថា​ គ្រាប់​នេះ​មិនមែន​ជា​គ្រាប់​ប្រភេទ​អ៊ី​ដ្រូ​ហ្សែ​ន​ទេ​ ព្រោះ​បើ​មាន​កម្រិត​ផ្ទុះ​នៃ​អាតូម​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ និង​ព្លុ​យ​តូ​នី​ញ៉ូ​ម​នឹង​មាន​កម្រិត​លើស​នេះ​១០​ ដង​ឯណោះ​។​ មួយវិញទៀត​យោង​តាម​តួលេខ​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​គឺថា​កម្លាំង​ផ្ទុះ​របស់​គ្រាប់​កូរ៉េ​ខាងជើង​កាលពី​ពេល​ថ្មីៗ​នេះ​មា​នក​ម្រឹត​ប្រមាណ​ចន្លោះ​ពី​៦​ទៅ​៩​គីឡូតោន ​ពោល​គឺ​ប្រហាក់ប្រហែល​នឹង​កម្លាំង​ផ្ទុះ​កាលពី​ពេល​សាក​នៅ​ឆ្នាំ​២០១៣ ​ដែរ​។​ ក៏​ប៉ុន្ដែ​អា​មេ​រិ​ក​ធា្ល​ប់​សាកល្បង​គ្រាប់បែក​ប្រភេទ​អ៊ី​ដ្រូ​ហ្សែ​ន​នេះ​ម្ដង​កាលពី​ឆ្នាំ​១៩៥២​ ដែល​កាលនោះ​គ្រាប់​តូច​ផង​តែ​មាន​កម្លាំង​ផ្ទុះ​ដល់​ទៅ​១០​គីឡូតោន​ឯណោះ​ ។​

​បណ្ដាញ​ទូរទស្សន៍​កូរ៉េ​ខាងជើង​បាន​ផ្សព្វផ្សាយ​ថា​ ការ​សាកល្បង​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​បាន​សម្រេច​ដោយ​ជោគជ័យ​នោះ​សហគមន៍​អន្ដរជាតិ​បាន​ចាប់ផ្ដើម​ធ្វើការ​ជួប​ប្រជុំ​គ្នា​ដើម្បី​រិះរក​វិធី​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​កូរ៉េ​ខាងជើង​។​ ទន្ទឹម​គ្នា​នេះ​អ្នក​វិទ្យាសាស្ដ្រ​ និង​អ្នកជំនាញ​ជា​ច្រើន​នាក់​ហាក់​នៅ​មាន​មន្ទិល​សង្ស័យ​ថា ​គ្រាប់បែក​សាកល្បង​របស់​កូរ៉េ​ខាង​ជើង​ពិតជា​គ្រាប់បែក​ប្រភេទ​អ៊ី​ដ្រូ​ហ្សែ​ន​ មែនឬ​យ៉ាងណា​?​ ព្រោះ​បើ​តាម​ការ​វិភាគ​ កម្រិត​ផ្ទុះ​នៃ​គ្រាប់​នោះ​មាន​លក្ខណៈ​ខ្សោយ​ខុស​ពី​អ្វី​ដែល​ដែល​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​អាច​បង្ក​ឡើង​ ។​

គ្រាប់បែក​ប្រភេទ​អ៊ី​ដ្រូ​ហ្សែ​ន​តាម​ធម្មតា​មាន​កម្លាំង​ខ្លាំង​ណាស់​ បើ​ប្រៀប​ធៀប​ទៅ​ទំហំ​ប៉ុនគ្នា​គឺថា​គ្រាប់បែក​ប្រភេទ​អ៊ី​ដ្រូ​ហ្សែ​ន​មាន​កម្លាំង​ខ្លាំង​ជាង​គ្រាប់​បរមាណូ​ដែល​អា​មេ​រិ​ក​ទម្លាក់​នៅ​ហ៊ី​រ៉ូ​ហ្ស៊ី​ម៉ា​រាប់រយ​ដង​ឯណោះ​។​ ត្រង់​ចំណុច​នេះ​ហើយ​ដែល​អ្នកជំនាញ​កំពុង​តែ​មាន​មន្ទិល​សង្ស័យ​ព្រោះ​បើ​តាម​តួលេខ​កម្រិត​ផ្ទុះ​កាលពី​ពេល​ថ្មីៗ​នេះ​គឺ​នៅ​មាន​កម្រិត​ខ្សោយ​បើ​ប្រៀបធៀប​ទៅ​គឺ​ប្រហាក់ប្រហែល​នឹង​ការ​សាកល្បង​កាល​ពី​ឆ្នាំ​២០១៣​ ដែល​កាលនោះ​កូរ៉េ​ខាង​ជើង​បាន​សាក​គ្រាប់បែកនុយក្លេអ៊ែរ​។​

​រាល់​លើក​ពេល​កូរ៉េ​ខាងជើង​ធ្វើការ​បាញ់​សាកល្បង​គ្រាប់បែកបរមាណូ​អន្ដរ​ជាតិ​បាន​ថ្កោលទោស​ ហើយ​ដាក់​ទណ្ឌ​កម្ម​ ប៉ុន្ដែ​កូរ៉េ​ខាងជើង​នៅ​តែ​បន្ដ​ធ្វើ​ដដែល​។​ ដូច្នេះ​ហើយ​បានជា​ពេល​នេះ​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ ដែល​ជា​ប្រទេស​អាច​មាន​គ្រោះថ្នាក់​ជាងគេ​ដោយសារ​អាវុធ​របស់​កូរ៉េ​ខាងជើង​បាន​នាំ​គ្នា​ស្រែក​តវ៉ា​ខ្លាំង​តែ​ម្ដង​ ។​

​លោក​ ម៉ូតូ​ហ៊ី​តេ​ យូ​ហ្ស៊ី​កា​វ៉ា​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​អង្គការសហប្រជាជាតិ​ បាន​ថ្លែង​ថា​បើសិនជា​សហគមន៍​អន្ដរ​ជាតិ​ជា​ពិសេស​អង្គការសហប្រជាជាតិ​មិន​ចង់​បាក់មុខ​គឺ​ពេល​នេះ​ហើយ​ដែល​ត្រូវធ្វើ​អ្វីមួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ប្រដៅ​កូរ៉េ​ខាងជើង​កុំឱ្យ​ក្អេងក្អាង​ពេក​។ ​អ្នកការទូត​រូប​នេះ​បាន​ស្នើ​ឱ្យធ្វើ​ការ​កែ​ប្រែ​មាត្រា​៧​ នៃ​ធម្មនុញ្ញ​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​ប្រើ​កម្លាំងបាយ​ដើម្បី​ចាប់បង្ខំ​ប្រទេស​ណា​មួយ​ឱ្យ​អនុវត្ដ​ និង​គោរព​តាម​សេចក្ដី​សម្រេចចិត្ដ​របស់​អង្គការសហប្រជាជាតិ​។ ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហ​ប្រជា​ ជាតិ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា​នឹង​ចេញ​សេចក្ដី​សម្រេចចិត្ដ​ថ្មី​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​កូរ៉េ​ខាងជើង​។​ សេចក្ដី​ប្រកាស​កាលពី​ថ្ងៃ​ទី​៦​ ខែមករា​ មិន​បាន​បញ្ជាក់​លម្អិត​ទេពី​ប្រភេទ​ទណ្ឌ​ កម្ម​។ ​គេ​គ្រាន់តែ​បន្ថែម​ថា​ ប្រទេស​សមា​ជិ​ក​ក្រុមប្រឹក្សាសន្ដិសុខ​ទាំងអស់​កំពុង​ ពិចារណា​គ្នា​ថា ​តើ​ត្រូវ​ដាក់​ទណ្ឌកម្ម​ បន្ថែម​កម្រិត​ណា​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធ​ ភាព​។ ​យ៉ាងណា​ក៏​ដោយ​អ្នកការទូត​ម្នាក់​ ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ថា​ ទណ្ឌកម្ម​ទាំងនោះ​អាច​ជា​ការ​ដាក់​បន្ថែម​ទៅ​លើ​ទណ្ឌកម្ម​ដែល​មាន​ ស្រាប់​លើ​កូរ៉េ​ខាងជើង​ក្រោយ​ពេល​ដែល​ មានការ​បាញ់​សាកល្បង​កាលពី​ឆ្នាំ​២០១៣​។ ​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​រាល់​ថ្ងៃនេះ​គឺ​ ជា​ទណ្ឌកម្ម​។

​ប្រភេទ​ហិរញ្ញវត្ថុ​ដោយ​គេ​មាន​តារាង​ឈ្មោះ​ក្រុមហ៊ុន​ចំនួន​២០​ និង​មនុស្ស​ចំនួន​១២​នាក់​ដែល​ជាប់​ទណ្ឌកម្ម​នេះ​ដោយសារ​តែ​ពួក​គេ​មាន​ទំនាក់ទំនង​ក្នុង​សកម្មភាព​នុយ​ក្លែ​អ៊ែ​រ​របស់​កូរ៉េ​ខាងជើង​។​ ក្រុមប្រឹក្សាសន្ដិសុខ​បញ្ជាក់​ដោយ​បាន​សង្កត់ធ្ងន់​ថា​សកម្មភាព​របស់​កូរ៉េ​ខាងជើង​ជា​ការ​រំលោភ​បំពាន​ដោយ​ពេញ​មុខ​ដោយ​គ្មាន​ខ្លាចក្រែង​នរណា​ទាំងអស់​។​ ទណ្ឌកម្ម​ថ្មី​នឹង​ត្រូវ​តែ​ដាក់​និង​រឹត​បន្ដឹង​ឱ្យ​ធ្ងន់​ទៅ​លើ​កូរ៉េ​ខាងជើង​ ។​

​ចំពោះ​កូរ៉េ​ខាងជើង​វិញ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អន្ដរជាតិ​គឺជា​រឿង​ធម្មតា​ទៅ​ហើយ​ មិន​មាន​អ្វី​ថ្មី​សម្រាប់​ពលរដ្ឋ​កូរ៉េ​ខាងជើង​នោះ​ដែរ​។​ ផលិត​ផល​ភាគច្រើន​របស់​កូរ៉េ​ខាងជើង​ភាគ​ច្រើន​នាំ​ទៅ​កាន់​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ​ ហើយ​ពលរដ្ឋ​កូរ៉េ​រស់នៅ​បាន​អាស្រ័យ​ទៅ​លើ​ទីផ្សារ​ក្នុងស្រុក​។ ​ទាំងនោះ​ហើយ​បានជា​មេដឹកនាំ​ គី​ម​ ជុង​អ៊ុ​ន​ ក៏​ដូច​ជំនាន់​មុនៗ​មិន​ខ្លាច​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ខំ​ពង្រឹង​វិស័យ​ការពារ​ជាតិ​ជា​មុន​ខ្លាច​រង​ការ​វាយប្រហារ​ពី​អា​មេ​រិ​ក​និង​កូរ៉េ​ខាង​ត្បូង​ ៕​

16chinank-master675

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print