ចិនមិនដែលមានប្រតិកម្មអ្វីចំពោះការសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើងនោះឡើយ ដោយចិនរក្សាភាពស្ងៀមស្ងាត់ទុកឱ្យកូរ៉េខាងជើងធ្វើអ្វីតាមតែអំពើចិត្ដបើទោះជាសហគមន៍អន្ដរជាតិថ្កោលទោសខ្លាំងប៉ុនណាក៏ដោយ ។
ការស្ងប់ស្ងាត់របស់ចិនត្រូវបានអ្នកវិភាគចាត់ទុកថា ជាយុទ្ធសាស្ដ្រមួយដ៏ល្អបំផុតរបស់ទីក្រុងប៉េកាំងក្នុងការពង្រីកអំណាចនៅក្នុងតំបន់អាស៊ី។ ចិនមិនសូវមានការព្រួយបារម្ភពីអាមេរិកឡើយដោយមានកូរ៉េខាងជើងដែលជាកូនចៅរបស់ចិនបានគំរាមកំហែងអាមេរិកទៅហើយ។ ទាំងនោះបានជាចិនសម្ងំទុកឱ្យកូរ៉េខាងជើងផលិត និងសាកល្បងបរមាណូគ្រប់ពេលវេលា។ ការដែលកូរ៉េខាងជើងមានកម្លាំងខ្លាំងនោះចិនក៏មានភាពកក់ក្ដៅផងដែរ ដោយខ្លួនមិនស្ថិតនៅឯកោឡើយគឺមានកូរ៉េខាងជើងជួយទប់ទល់អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ។
កត្ដាដែលជំរុញឱ្យកូរ៉េខាងជើងសម្រេចសាកល្បងនោះក៏កើតឡើងពីភាគីចិននោះដែរ។ តាមមន្ដ្រីកូរ៉េខាងជើងបញ្ជាក់ថា មេដឹកនាំលោក គីម ជុងអ៊ុន សម្រេចឱ្យសាកល្បងបរមាណូតាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥មកម្ល៉េះ គឺថ្ងៃដែលក្រុមចម្រៀងកូរ៉េខាងត្បូងលុបចោលការសម្ដេងនៅទីក្រុងប៉េកាំង ដោយសារតែប្រធានាធិបតី ស៊ី ជីងពីង មិនបានចូលរួមទស្សនានៅក្នុងការសម្ដែងនោះ។ ការសាកល្បងនោះជាសកម្មភាពកើតចេញពីភាគីចិនដែលបញ្ឆេះមេដឹកនាំ គីម ជុងអ៊ុន ធ្វើដូច្នេះដើម្បីបង្វែរការចាប់អារម្មណ៍ពីមតិសាធារណៈទៅកាន់ទីនោះដោយងាកចេញពីប្រទេសចិននិងវិវាទរវាងចិននឹងប្រទេសជិតខាង ។
ក្រុមអ្នកជំនាញផ្នែកអាវុធនុយក្លែអ៊ែរនិងធរណីវិទ្យាជាច្រើននាក់បានផ្ដល់ការវិភាគប្រហាក់ប្រហែលគ្នាដោយយោងទៅលើកម្រិតរញ្ជួយដីដែលបង្កឡើងដោយគ្រាប់បែករបស់កូរ៉េខាងជើង។ លោក Crispin Rovere អ្នកជំនាញធរណីវិទ្យាជនជាតិអូស្ដ្រាលីបានអះអាងថា យោងតាមកម្រិតរញ្ជួយដែលស្មើប្រមាណជា ៥រ៉ិចទ័រ កូរ៉េខាងជើងបានបំផ្ទុះសាកល្បងគ្រាប់បែកបរមាណូដោយជោគជ័យក៏ប៉ុន្ដែមិនឈានទៅបំផ្ទុះគ្រាប់ប្រភេទអ៊ីដ្រូហ្សែនទេ។ ចំណែកលោក Bruce Bennett អ្នកជំនាញបរមាណូអាមេរិកបានអះអាងផងដែរថា គ្រាប់បែកដែលកូរ៉េខាងជើងបានសាកអាចមានទំហំប៉ុនគ្រាប់បរមាណូដែលទម្លាក់នៅហ៊ីរ៉ូហ្ស៊ីម៉ា តែលោកច្បាស់ថា គ្រាប់នេះមិនមែនជាគ្រាប់ប្រភេទអ៊ីដ្រូហ្សែនទេ ព្រោះបើមានកម្រិតផ្ទុះនៃអាតូមអ៊ុយរ៉ានីញ៉ូម និងព្លុយតូនីញ៉ូមនឹងមានកម្រិតលើសនេះ១០ ដងឯណោះ។ មួយវិញទៀតយោងតាមតួលេខក្រសួងការពារជាតិកូរ៉េខាងត្បូងគឺថាកម្លាំងផ្ទុះរបស់គ្រាប់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះមានកម្រឹតប្រមាណចន្លោះពី៦ទៅ៩គីឡូតោន ពោលគឺប្រហាក់ប្រហែលនឹងកម្លាំងផ្ទុះកាលពីពេលសាកនៅឆ្នាំ២០១៣ ដែរ។ ក៏ប៉ុន្ដែអាមេរិកធា្លប់សាកល្បងគ្រាប់បែកប្រភេទអ៊ីដ្រូហ្សែននេះម្ដងកាលពីឆ្នាំ១៩៥២ ដែលកាលនោះគ្រាប់តូចផងតែមានកម្លាំងផ្ទុះដល់ទៅ១០គីឡូតោនឯណោះ ។
បណ្ដាញទូរទស្សន៍កូរ៉េខាងជើងបានផ្សព្វផ្សាយថា ការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែនបានសម្រេចដោយជោគជ័យនោះសហគមន៍អន្ដរជាតិបានចាប់ផ្ដើមធ្វើការជួបប្រជុំគ្នាដើម្បីរិះរកវិធីដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើកូរ៉េខាងជើង។ ទន្ទឹមគ្នានេះអ្នកវិទ្យាសាស្ដ្រ និងអ្នកជំនាញជាច្រើននាក់ហាក់នៅមានមន្ទិលសង្ស័យថា គ្រាប់បែកសាកល្បងរបស់កូរ៉េខាងជើងពិតជាគ្រាប់បែកប្រភេទអ៊ីដ្រូហ្សែន មែនឬយ៉ាងណា? ព្រោះបើតាមការវិភាគ កម្រិតផ្ទុះនៃគ្រាប់នោះមានលក្ខណៈខ្សោយខុសពីអ្វីដែលដែលគ្រាប់បែកអ៊ីដ្រូហ្សែនអាចបង្កឡើង ។
គ្រាប់បែកប្រភេទអ៊ីដ្រូហ្សែនតាមធម្មតាមានកម្លាំងខ្លាំងណាស់ បើប្រៀបធៀបទៅទំហំប៉ុនគ្នាគឺថាគ្រាប់បែកប្រភេទអ៊ីដ្រូហ្សែនមានកម្លាំងខ្លាំងជាងគ្រាប់បរមាណូដែលអាមេរិកទម្លាក់នៅហ៊ីរ៉ូហ្ស៊ីម៉ារាប់រយដងឯណោះ។ ត្រង់ចំណុចនេះហើយដែលអ្នកជំនាញកំពុងតែមានមន្ទិលសង្ស័យព្រោះបើតាមតួលេខកម្រិតផ្ទុះកាលពីពេលថ្មីៗនេះគឺនៅមានកម្រិតខ្សោយបើប្រៀបធៀបទៅគឺប្រហាក់ប្រហែលនឹងការសាកល្បងកាលពីឆ្នាំ២០១៣ ដែលកាលនោះកូរ៉េខាងជើងបានសាកគ្រាប់បែកនុយក្លេអ៊ែរ។
រាល់លើកពេលកូរ៉េខាងជើងធ្វើការបាញ់សាកល្បងគ្រាប់បែកបរមាណូអន្ដរជាតិបានថ្កោលទោស ហើយដាក់ទណ្ឌកម្ម ប៉ុន្ដែកូរ៉េខាងជើងនៅតែបន្ដធ្វើដដែល។ ដូច្នេះហើយបានជាពេលនេះជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសអាចមានគ្រោះថ្នាក់ជាងគេដោយសារអាវុធរបស់កូរ៉េខាងជើងបាននាំគ្នាស្រែកតវ៉ាខ្លាំងតែម្ដង ។
លោក ម៉ូតូហ៊ីតេ យូហ្ស៊ីកាវ៉ា ឯកអគ្គរាជទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថាបើសិនជាសហគមន៍អន្ដរជាតិជាពិសេសអង្គការសហប្រជាជាតិមិនចង់បាក់មុខគឺពេលនេះហើយដែលត្រូវធ្វើអ្វីមួយឱ្យមានប្រសិទ្ធភាពដើម្បីប្រដៅកូរ៉េខាងជើងកុំឱ្យក្អេងក្អាងពេក។ អ្នកការទូតរូបនេះបានស្នើឱ្យធ្វើការកែប្រែមាត្រា៧ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដើម្បីអនុញ្ញាតឱ្យមានការប្រើកម្លាំងបាយដើម្បីចាប់បង្ខំប្រទេសណាមួយឱ្យអនុវត្ដ និងគោរពតាមសេចក្ដីសម្រេចចិត្ដរបស់អង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជា ជាតិបានសម្រេចជាឯកច្ឆន្ទថានឹងចេញសេចក្ដីសម្រេចចិត្ដថ្មីមួយដើម្បីដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង។ សេចក្ដីប្រកាសកាលពីថ្ងៃទី៦ ខែមករា មិនបានបញ្ជាក់លម្អិតទេពីប្រភេទទណ្ឌ កម្ម។ គេគ្រាន់តែបន្ថែមថា ប្រទេសសមាជិកក្រុមប្រឹក្សាសន្ដិសុខទាំងអស់កំពុង ពិចារណាគ្នាថា តើត្រូវដាក់ទណ្ឌកម្ម បន្ថែមកម្រិតណាដើម្បីឱ្យមានប្រសិទ្ធ ភាព។ យ៉ាងណាក៏ដោយអ្នកការទូតម្នាក់ ប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា ទណ្ឌកម្មទាំងនោះអាចជាការដាក់បន្ថែមទៅលើទណ្ឌកម្មដែលមាន ស្រាប់លើកូរ៉េខាងជើងក្រោយពេលដែល មានការបាញ់សាកល្បងកាលពីឆ្នាំ២០១៣។ ទណ្ឌកម្មដែលមានស្រាប់រាល់ថ្ងៃនេះគឺ ជាទណ្ឌកម្ម។
ប្រភេទហិរញ្ញវត្ថុដោយគេមានតារាងឈ្មោះក្រុមហ៊ុនចំនួន២០ និងមនុស្សចំនួន១២នាក់ដែលជាប់ទណ្ឌកម្មនេះដោយសារតែពួកគេមានទំនាក់ទំនងក្នុងសកម្មភាពនុយក្លែអ៊ែររបស់កូរ៉េខាងជើង។ ក្រុមប្រឹក្សាសន្ដិសុខបញ្ជាក់ដោយបានសង្កត់ធ្ងន់ថាសកម្មភាពរបស់កូរ៉េខាងជើងជាការរំលោភបំពានដោយពេញមុខដោយគ្មានខ្លាចក្រែងនរណាទាំងអស់។ ទណ្ឌកម្មថ្មីនឹងត្រូវតែដាក់និងរឹតបន្ដឹងឱ្យធ្ងន់ទៅលើកូរ៉េខាងជើង ។
ចំពោះកូរ៉េខាងជើងវិញការដាក់ទណ្ឌកម្មរបស់សហគមន៍អន្ដរជាតិគឺជារឿងធម្មតាទៅហើយ មិនមានអ្វីថ្មីសម្រាប់ពលរដ្ឋកូរ៉េខាងជើងនោះដែរ។ ផលិតផលភាគច្រើនរបស់កូរ៉េខាងជើងភាគច្រើននាំទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ ហើយពលរដ្ឋកូរ៉េរស់នៅបានអាស្រ័យទៅលើទីផ្សារក្នុងស្រុក។ ទាំងនោះហើយបានជាមេដឹកនាំ គីម ជុងអ៊ុន ក៏ដូចជំនាន់មុនៗមិនខ្លាចការដាក់ទណ្ឌកម្មដោយខំពង្រឹងវិស័យការពារជាតិជាមុនខ្លាចរងការវាយប្រហារពីអាមេរិកនិងកូរ៉េខាងត្បូង ៕
ប្រែសម្រួល៖ ម៉ែវ សាធី