ភ្នំពេញ៖ នាសៀសថ្ងៃទីទី៣ ខែមីនា នេះស្ថានទូតបារាំងបានបង្ហោះលើហ្វេសបុករបស់ខ្លួនថា៖ «ប្រទេសកម្ពុជា និងប្រទេសបារាំង រួមជាមួយប្រទេសសមាជិកចំនួន៩៤ផ្សេងទៀតដែលបានធ្វើជាសហស្ថានិកនៃសេចក្តីសម្រេចដែលត្រូវបានអនុម័តកាលពីម្សិលមិញ ប្រកាន់ខ្ជាប់ដូចគ្នានូវការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីនៃរដ្ឋនានា ដែលជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ យើងរួមគ្នាដើម្បីបញ្ចប់ការឈឺចាប់របស់ប្រជាពលរដ្ឋអ៊ុយក្រែន និងស្វែងរកមាគ៌ាសន្តិភាពសារជាថ្មី»។ ក្នុងនោះស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានកោតសរសើរការសម្រេចចិត្តរបស់ប្រទេសកម្ពុជាក្នុងការចូលរួមជាមួយសមាជិកអង្គការសហប្រជាជាតិចំនួន១៤០ប្រទេសផ្សេងទៀត ដើម្បីសម្តែងសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែន ដែលរងគ្រោះពីការវាយប្រហារពីយោធារុស្ស៊ី។
សូមបញ្ជាក់ថា, កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានចូលរួមជាមួយប្រទេស១៤០ផ្សេងទៀតបោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិទាមទារឱ្យរុស្ស៊ី «ដកទ័ពចេញជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ»។
ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាក្នុងពេលប្រជុំបោះឆ្នោតនោះ កម្ពុជាបានសម្ដែងនូវការព្រួយបារម្ភចំពោះស្ថានការណ៍ដែលកំពុងកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើងដែលបណ្ដាលមកពីអរិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។
កម្ពុជាមានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្ដិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
កម្ពុជាបញ្ជាក់ថា ជំហររបស់ខ្លួនគឺ៖ «រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាព នយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត»។
សូមបញ្ជាក់ថា, ថ្ងៃនេះ ! រដ្ឋមន្ត្រីការបរទេសអាស៊ាន បានធ្វើការអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន។ ក្នុងនោះលើក២ចំណុចសំខាន់ៗ :
1. រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែ ធ្ងន់ធ្ងរ និងស្ថានភាពមនុស្សធម៌ដែលធ្លាក់ចុះកាន់តែដុនដាប ដែលបណ្តាលមកពីអរិភាពយោធា ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ ដូច្នេះហើយ យើងសូមអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់ ឬកិច្ចព្រមព្រៀងឈប់បាញ់ និងការបន្តការសន្ទនានយោបាយដែលនឹងនាំទៅរកសន្តិភាព ប្រកបដោយចីរភាពនៅអ៊ុយក្រែន។ យើងគូសបញ្ជាក់ពីសារៈសំខាន់នៃបទឈប់បាញ់ដើម្បី បង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងជៀសវាង ការឈឺចាប់របស់ប្រជាជនស្លូតត្រង់ ដែលកាន់តែកើនឡើង។
2. ដោយរំលឹកឡើងវិញនូវសេចក្ដីថ្លែងការណ៍ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ យើងសូមបញ្ជាក់នូវការ ជឿជាក់របស់យើងថា នៅតែមានឱកាសនៃការសន្ទនាដោយសន្តិវិធី ដើម្បីគ្រប់គ្រងបាននូវស្ថាន ការណ៍ និងបញ្ឈប់ការកើនឡើងនៃការបាត់បង់ជីវិត និងរបួសជនស៊ីវិល និងយោធា ព្រមទាំង ផលប៉ះពាល់អវិជ្ជមានដែលកើតមាននៅទូទាំងពិភពលោក។ ក្នុងន័យនេះ អាស៊ានបានត្រៀមខ្លួន រួចជាស្រេចក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធ តាមគ្រប់ មធ្យោបាយដែលអាចធ្វើទៅបាន៕
ដោយ : សុខ ខេមរា