ខេត្តកំពង់ឆ្នាំង៖ ក្រុមជូញជូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននិង សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ សហការគ្នាព័ទ្ធចាប់បាន កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចចាប់បានទី១.ឈ្មោះកុយ សុភារៈ ភេទប្រុស អាយុ១៩ឆ្នាំ ទី២.ឈ្មោះហ៊ន ចាន់ធឿន ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់នេះរស់នៅក្នុងភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៣.ឈ្មោះវិន សុធៀន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិស្មែត្រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់ ម៉ូតូចំនួន៣គ្រឿង អាវុធកែច្នៃ២ដើម កាំបិត១ បំពង់ទីប១ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនផងដែរ ។
សមត្ថកិច្ចដែលស្ថិតក្នុងប្រតិបត្តិការណ៍នេះ បានឲ្យដឹងថា បន្ទាប់ពីទទួលបានការផ្តល់ព័តមានពីប្រជាពលរដ្ឋនៅមូលដ្ឋាន ស្តីពីសកម្មភាពរបស់ក្រុមជនសង្ស័យទាំងនេះភ្លាមៗ សមត្ថកិច្ចកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានសហការជាមួយកម្លាំងនគរបាលស្រុករលាប្អៀរ ចុះទៅទីតាំងរបស់ក្រុមជនសង្ស័យព័ទ្ធចាប់បានទាំង៣នាក់តែម្តង និងបានរឹបអូសនូវវត្ថុតាងជាក់ស្តែង និងសម្ភារៈផ្សេងទៀតជាច្រើនផងដែរ ។
នៅពេលនេះជនសង្ស័យទាំង៣នាក់ បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា