ខេត្តកំពង់ឆ្នាំង៖ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង និង ជាប្រធានគណៈកម្មការនៃការរៀចំការប្រគំតន្រ្តីមហាសង្រ្កាន្តឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា លោកទទួលស្គាល់ថា ការចុះផ្សាយរបស់សារព័ត៌មានស្តីពីភាពមិនប្រក្រតីនាពេលកន្លងមកគឺមានភាពត្រឹមត្រូវគឺពិតជាមានភាពមិនប្រក្រតីមួយចំនួននៃការរៀបចំ ប្រគំតន្រ្តីលក់ផលិតផលថៃ កាលពីអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខែ្មរពិតប្រាកដមែន ដែលនេះជាចំណុខខ្វះខាតរបស់ក្រុមការងារគិតមិនបានគ្រប់ជ្រុងជ្រោយធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋដែលមកចូលរួមលេងកម្សាន្តនៃការប្រគំតន្រ្តីនេះ ។
លោកបានបញ្ជាក់ថា ទោះបីមានការចុះ ផ្សាយព័ត៌មានលើកាសែតនិងទូរទស្សន៍ក៏ ដោយតែលោកបានរីករាយចំពោះការរិះ គន់ក្នុងការកែលម្អ ដោយប្រកាន់នូវវប្បធម៌ឈ្នះ=ឈ្នះទាំងអស់គ្នា ។ ប៉ុន្តែលោក សេង សាលី បានបដិសេធយ៉ាងម៉ឺងម៉ាត់ថា លោក ពុំដែលអនុញ្ញាតឲ្យលោក សុខ ឧត្តម ដែលជាប្រធានស្ថានីយវិទ្យុរិទ្ធីសែន បកស្រាយបំភ្លឺលើស្ថានីយវិទ្យុរបស់គាត់ទេ អ្វីដែល លោកសុខ ឧត្តម បកស្រាយនោះជារឿងរបស់លោកសុខ ឧត្តម លោក អត់ដឹងអី នោះទេ ។
កន្លងមកនេះក្រោយពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមានទាំងទូរទស្សន៍ កាសែត និង គេហទំព័រដែលបានធ្វើការផ្សព្វផ្សាយរិះគន់ទៅលើភាពមិនប្រក្រតីមួយចំនួន ដែល កើតឡើងក្នុងពេល និងក្រោយពេលនៃការប្រគំតន្រ្តីលក់ផលិតផលថៃ និងស្រាបៀរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កន្លងទៅថ្មីៗនេះ ស្រាប់តែឈ្មោះសុខ ឧត្តម ជាប្រធានវិទ្យុឈ្មោះរិទ្ធីសែន កម្រិតការ ផ្សាយ៩៩.៧៥ មេហ្គាហឺតបានចេញមុខបក ស្រាយជំនួសលោកប្រធានមន្ទីរទេសចរណ៍ដែលជាប្រធានគណៈកម្មការ និង ជំនួសឲ្យអាជ្ញាធរខេត្តតាមវិទ្យុរបស់ខ្លួន ដោយលោកប្រធានមន្ទីរទេសចរណ៍ពុំអនុញ្ញាតអ្វីសោះឡើយ ។ ការបកស្រាយនោះលោកសុខ ឧត្តម បានវាយប្រហារនិងប្រើពាក្យអសុរោះ ជាច្រើនទៅលើអ្នកសារព័តមាន ដែលបាន សរសេររិះគន់អំពីបញ្ហានេះ ។
ការបកស្រាយនោះលោកសុខ ឧត្តម បានដើរតួជាមន្រ្តីអាជ្ញាធរផង និង ជាប្រធាន គណៈកម្មការផង ព្រមទាំងបានប្រើពាក្យសម្តី វាយប្រហារមកលើក្រុមអ្នកសារព័ត៌មាន ទាំងកំហឹង លោកសុខ ឧត្តម មិនបានទទួល ស្គាល់ការពិតអ្វីដែលអ្នកសារព័ត៌មានសរសេរនោះទេហើយពេលនេះលោកប្រធានមន្ទីរទេសចរណ៍បានទទួលស្គាល់ថា ពិតជាមុនភាពមានប្រក្រតីនៃការប្រគំតន្រ្តីលក់ផលិតផលថៃនោះមែន ។
ប៉ុន្តែអ្វីដែលជាការបកស្រាយរបស់ ប្រធានស្ថានីយវិទ្យុនេះ គឺនិយាយចុះឡើង ជាន់ដានខ្លួនឯងដដែល និងបានបង្ហាញឲ្យមហាជនបានដឹងកាន់តែច្បាស់បន្ថែមទៀតនូវភាពមិនប្រក្រតីដែលបានកើតឡើងក្នុងពេលនោះ ។
គួររំឭកថានៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំវក អដ្ឋស័កព.ស.២៥៦០ គ.ស.២០១៦កន្លងទៅអាជ្ញាធរខេត្តកំពង់ឆ្នាំងបានរៀបចំប្រារព្ធសង្ក្រាន្តឆ្នាំថ្មីដើម្បី បង្កបរិយាកាសសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋដោយកំណត់ឲ្យមន្ទីរទេស ចរណ៍ជាអ្នកដឹកនាំរៀបចំនិងមានកិច្ចសហការពីអង្គភាពពាក់ព័ន្ធព្រមទាំងវិស័យឯកជនមួយចំនួនផងដែរ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកកំពង់ឆ្នាំងហួសចិត្តនោះគឺអង្គភាពផ្សេងៗខំចង់ងាប់ប៉ុន្តែបែរជាមន្ទីរទេសចរណ៍ជា អ្នកប្រមូលលុយទៅវិញ ។
មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលខេត្តកំពង់ឆ្នាំងដែលបានផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើងធ្វើឲ្យខេត្តកំពង់ឆ្នាំងមានភាពអធិកធម៌ជាងឆ្នាំមុនៗ ហើយមានប្រជាពលរដ្ឋជាច្រើនបានមកចូលរួមលេងល្បែងប្រជាប្រិយរាំកម្សាន្តនិងទស្សនាការសម្តែងរបាំប្រពៃណីដោយក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ។
គេសង្កេតឃើញថាក្នុងខណៈដែល អង្គភាពពាក់ព័ន្ធមានការខិតខំយ៉ាងខ្លាំងនោះមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តនិងវិស័យឯកជនដែលជាដៃគូរបស់ខ្លួនដែលបាន ទទួលសិទិ្ធពីអាជ្ញាធរខេត្តក្នុងការប្រមូលភាស៊ីមិនបានធ្វើអ្វីជាដុំកំភួននោះទេ ។
គេនៅចាំបានថាក្នុងកិច្ចប្រជុំរៀបចំពិធីនេះលោកប្រធានមន្ទីរទេសចរណ៍និងដៃគូរបស់ខ្លួនបានប្រកាសថាគេមានលុយរាប់ម៉ឺនដុល្លារសម្រាប់ចំណាយក្នុងការរៀបចំពិធីនេះប៉ុន្តែពេលជាក់ស្តែងគេឃើញមានតែកូនរទេះមួយនិងខ្ទមស្បូវមួយដែលធ្វើសសរពីដែកព្រមទាំងបដា ៉សួស្តីឆ្នាំថ្មី ៉និង
“សង្ក្រាន្តឆ្នាំថ្មីលើទឹកដីខេត្តកំពង់ឆ្នាំង”មិនបានទាំង១០ផ្ទាំងផង។ក្រៅពីនោះសុទ្ធតែស្តង់លក់ផលិតផលថៃនិងតុសម្រាប់ផឹកស្រាបៀរ KINGDOM ។
មិនត្រឹមតែទីលានបាល់ទាត់ និងសួន កុមារទេដែលគេយកទៅរៀបចំស្តង់សម្រាប់លក់ផលិតផលថៃទីតាំងអង្គភាពរដ្ឋដូចជាមន្ទីរវប្បធម៌ មន្ទីរសារធារណការ សាលាខេត្ត និងទីតាំងមួយចំនួនទៀត ដែលស្ថិតនៅជុំវិញកន្លែងប្រារព្ធពិធីក៏ត្រូវបានមន្ទីរទេស ចរណ៍ម៉ៅផ្តាច់ទៅឲ្យអ្នកយកភាស៊ីក្នុងតម្លៃ រាប់លានរៀលហើយមានកន្លែងខ្លះជិត ១.០០០ដុល្លារ ។ ដោយសារតែមន្ទីរទេសចរណ៍ម៉ៅក្នុងតម្លៃខ្ពស់អ្នកយកភាស៊ីបាន ដំឡើងថ្លៃរហូតទៅដល់៣.០០០រៀលក្នុងម៉ូតូមួយគ្រឿងដែលករណីនេះធ្វើឲ្យមានការ រិះគន់យ៉ាងខ្លាំងផងដែរពីព្រោះតម្លៃភាស៊ីផ្ញើម៉ូតូនៅក្នុងខេត្តកំពង់ឆ្នាំងមិនដែលឡើងដល់៣.០០០រៀលនោះទេនេះអាចចាត់ទុកថាជាលើកដំបូងហើយ ។
ក្រោយពីពិធីនេះត្រូវបានបញ្ចប់ទៅគេ សង្កេតឃើញមានគំនរសំរាមជាច្រើន ត្រូវបានគេគរទុកចោល មិនបានបោស សម្អាត និង ដឹកយកចេញឡើយ ។ នៅក្នុងខ្លឹមសារនៃអត្ថបទដែលបានផ្សព្វផ្សាយនោះ ទាំងទូរទស្សន៍ ទាំងកាសែត និង គេហទំព័រ បានធ្វើការរិះគន់ទៅលើអង្គភាពមន្ទីរទេសចរណ៍តែមួយគត់មិនមានពាក់ព័ន្ធនឹងអង្គភាពផេ្សងឡើយ។ ប៉ុន្តែបែរជាលោកសុខឧត្តមចេញមុខបកស្រាយដោយគ្មានការអនុញ្ញាតពីប្រធានមន្ទីរទេចរណ៍ ទើបប្រធានមន្ទីរទេសចរណ៍ប្រតិកម្មបែបនេះ ៕
ដោយ៖ សហការី