ភ្នំពេញ : យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនិង៤នាក់ទៀតរងរបួសធ្ងន់និងស្រាលក្នុងករណីបើកម៉ូតូជែងគ្នាមិនផុតទាក់ដៃចង្កូតដួលហើយត្រូវរថយន្តសណ្ដោងរុឺម៉កបើកមកពីក្រោយកិនពីលើ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទីព្រឹកស្ថិតនៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៧០-៧១ ក្នុងភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះគឺកើតឡើងដោយសារតែម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1P-1125 បើកបរដោយឈ្មោះ រ៉ន រ៉ា ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅភូមិក្រាំងក្រូច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងមានអ្នកជិះពីក្រោយចំនួន២នាក់៖ ទី១-ឈ្មោះ រ៉ន សារ៉ាត់ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិត នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) ទី២-ឈ្មោះ រតនា នីកា ភេទស្រី អាយុ៤ឆ្នាំ នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងជើង លុះបើកមកដល់ចំណុចខាងលើក៏បានបើកជែងរួចទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Z-3198 បណ្តាលឲ្យដួលដែលបើកបរដោយឈ្មោះ អួន សុគា ភេទស្រី អាយុ២០ឆ្នាំ មុខរបរកសិករ នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ (រងរបួសស្រាល) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ សន សុភាព អាយុ៤៦ឆ្នាំ មុខរបរកសិករ នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) ដែលបើកបរមកពីទិសខាងជើង។ ពេលបុកគ្នារួចភ្លាមនោះក៏មានរថយន្តមួយគ្រឿងបើកមកពីក្រោយហើយបានមកកិនអូសម៉ូតូម៉ាកប៊ីតនោះតែម្តង ដែលរថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទក្បាលសណ្តោង ពណ៌លឿង-បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-8593 មានសណ្តោងរ៉ឺម៉កពណ៌លឿង ពាក់ស្លាកកលេខ ភ្នំពេញ 4A-6797 (អ្នកបើកបរគេចខ្លួនបាត់) ដែលកំពុងបើកបរមកពីទិសខាងជើង។ អ្នករបួសទាំងអស់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។
ក្រោយកើតហេតុហេតុកម្លាំងជំនាញបានចុះទៅធ្វើការត្រួតពិនិត្យនិងវាស់វែងដើម្បីដោះស្រាយតាមនីតិវិធី និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូនិងរថយន្តខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕ដោយ ស សម