ខេត្តកំពង់ស្ពឺ : យើងជ្រើសរើសយកគណបក្សណាមួយ ដែលមានភាពច្បាស់លាស់ សមត្ថភាពជាក់លាក់ ហើយអាចផ្តល់ផលដល់យើងត្រឡប់មកវិញ (ដែលមិនមែនគ្រាន់តែជាការសន្យាដែលគ្មានលទ្ធផល)។ នេះជាការថ្លែងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងពិធីបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំនួន៣៤៨ នាក់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។
លោក ហ៊ុនម៉ានី បានបន្តថា, ក្រៅពីការសង្កេតពីដំណើរការ និងការអនុវត្តសកម្មភាពរបស់គណបក្សប្រជាជននៅមូលដ្ឋាន សមាជិកសមាជិកាថ្មីដែលចូលរួមជាមួយក្រុមគ្រួសារដ៏ធំរបស់យើងនៅថ្ងៃនេះ ត្រូវបន្ថែមការយកចិត្តទុកដាក់លើកម្មវិធីនយោបាយនានារបស់គណបក្សដើម្បីឲ្យកាន់តែមានទំនុកចិត្ត។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ឧទាហរណ៍ជាក់ស្តែងមួយជ្រុងតូច គឺការគិតគូររបស់យើងចំពោះបរិយាកាសក្នុងការទាញយកវិនិយោគិន ក្រុមហ៊ុន រោងចក្រនានា មកបើកក្រុមហ៊ុន រោងចក្រ និងវិនិយោគក្នុងប្រទេសយើងដែលបាននាំមកនូវលំហូការងារជាច្រើនដល់បងប្អូន ជាពិសេសក្នុងមូលដ្ឋាន នៃខេត្តកំពង់ស្ពឺដែលយើងទាំងអស់គ្នាកំពុងមានវត្តមាននៅទីនេះ៕
ដោយ : សិលា