ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋស្លូតត្រង់នៅឃុំព្រះផុសស្រុកគាស់ក្រឡចំនួន៧នាក់បាននាំគ្នាមកដកឈ្មោះចេញពីបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀន។ អ្នកភូមិនិយាយថាពួកគាត់ចាញ់បោកការឃោសនាគណបក្សភ្លើងទៀនជាមួយនឹងការសន្យាថាផ្ដល់ដីឲ្យពួកគាត់សម្រាប់ចែកគ្នា។ ប៉ុន្តែពួកគាត់ស៊ើបមើលទើបដឹងថាអ្នកសន្យានោះគ្មានដីទេ។
ប្រជាពលរដ្ឋមួយក្រុមរស់នៅឃុំព្រះផុសស្រុកគាស់ក្រឡដែលចាញ់បោកការឃោសនារបស់គណបក្សភ្លើងទៀននាពេលកន្លងមក នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះបាននាំគ្នាទៅលុបឈ្មោះចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ក្រុមប្រជាពលរដ្ឋបានអះអាងថា ពួកគាត់ព្រមឈរឈ្មោះជាបេក្ខជនបោះឆ្នោតឱ្យគណបក្សភ្លើងទៀន ដោយសារពួកគាត់បានចាញ់បោកការឃោសនារបស់គណបក្សនេះ ដោយកន្លងមកគណបក្សនេះបានសន្យាផ្ដល់ដីឱ្យពួកគាត់ប្រសិនបើពួកគាត់ព្រមឈរឈ្មោះជាបេក្ខជនឱ្យគណបក្សភ្លើងទៀន។
បើតាមលោក ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡបានឱ្យដឹងថា បេក្ខជនឈរឈ្មោះឱ្យគណបក្សភ្លើងទៀនដែលបានមកដកឈ្មោះវិញនៅថ្ងៃនេះមានចំនួន៧នាក់ ។
លោក ស្រេង វង្សហៀង គូសបញ្ជាក់ថា ពួកគាត់មកដកឈ្មោះវិញដោយសារពួកគាត់ចាញ់បោកការឃោសនាកន្លងមករបស់សកម្មជនគណបក្សភ្លើងទៀន។បន្ទាប់ពីពួកគាត់បានដឹងរឿងរ៉ាវច្បាស់លាស់ទើបពួកគាត់សម្រេចចិត្តមកដកឈ្មោះចេញវិញភ្លាមៗ៕