ភ្នំពេញ៖ បើតាមការលើកឡើងពី អគ្គនាយកក្រុមហ៊ុនសាជីវកម្មចំណីអាហាររដ្ឋចិន COFCO នៅក្នុងកិច្ចប្រជុំរវាងភាគីកម្ពុជា និងចិន បានថ្លែងកាលពីពេលថ្មីៗនេះថា៖ ចប្ចុប្បន្ននេះ ចិនបានចាប់ផ្តើមមានតម្រូវការខ្ពស់លើអង្ករក្រអូបរបស់កម្ពុជា ជាពិសេសប្រភេទសែនក្រអូប ស្របពេលដែលអង្ករក្រអូបប្រណិតកម្ពុជា ដែលមាននិម្មិតសញ្ញា «ម្លិះអង្គរ» ដោយបានរៀបម៉ាកពិសេសសម្រាប់អង្ករកម្ពុជា ហៅថា «KINGFOOD» ដែលកំពុងចរាចរលក់នៅលើប្រព័ន្ធអនឡាញល្បីៗ របស់ប្រទេសចិន រួមមាន JD, Alibaba និងតាមទីផ្សារទំនើបធំៗ នៅក្នុងប្រទេសចិន រួមមាន LOTUS, Carrefour, Metro… ជាដើម។
នៅក្នុងកិច្ចប្រជុំរវាងភាគីកម្ពុជា និងចិន ដែលដឹកនាំដោយលោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា។
ក្នុងកិច្ចប្រជុំនោះដែរភាគីចិន បានឱ្យដឹងថា ដោយសារគុណភាពអង្ករកម្ពុជា មានលក្ខណៈល្អជាកត្តាមួយ ដែលភាគីចិនក៏បានបង្ហាញឆន្ទៈកាន់តែខ្ពស់ លើការជួយទិញអង្ករកម្ពុជាបើទោះបីជា តម្លៃអង្ករកម្ពុជា និងថ្លៃដឹកជញ្ជូនខ្ពស់ជាងបណ្តាប្រទេសផ្សេងៗ។
អនុស្សរណៈយោគយល់លើកទី៦ ដែលផ្តល់កូតានាំចេញអង្ករ៤០ម៉ឺនពីកម្ពុជាទៅចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Lyu Jun ប្រធានអគ្គនាយកសាជីវកម្មចំណីអាហាររដ្ឋចិន (COFCO) ត្រូវបានអនុវត្តន៍ភ្លាម។
កម្ពុជា រហូតមកដល់ពេលនេះបាននាំចេញអង្ករប្រមាណជាង១០ម៉ឺនតោន ឬប្រមាណ២៨%ហើយ ទៅប្រទេសចិន បន្ទាប់ចិនបានផ្តល់កូតាលើកទី៦ ឱ្យកម្ពុជា ក្នុងការនាំអង្ករទៅចិន៤០ម៉ឺនតោន។ ហេីយបើគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២២ បរិមាណអង្ករចំនួន ១១៣ ០០០តោន បានចុះកិច្ចសន្យាទិញលក់រួចរាល់ ហើយអង្ករចំនួន ៨៦ ០០០តោន ក៏ធ្វើការបានប្រគល់ជូនអ្នកបញ្ជាទិញរួចរាល់ផងដែរ។
សូមជម្រាបថា សម្រាប់ខែមករា និងខែកុម្ភៈ ឆ្នាំ២០២២បរិមាណអង្ករ ចំនួន ៥២ ០៥៧ តោន ក្នុងចំណោមបរិមាណអង្ករសរុបដែលបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ត្រូវបានទិញតាមរយៈក្រុមហ៊ុនសាជីវកម្ម COFCO ដែលបរិមាណនេះមានកំណើនចំនួន ៥៦% បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២១។
អង្ករកម្ពុជាកំពុងធ្វើការពង្រីកគ្រប់ខេត្តទាំង ៩ប្រទេសចិន ដែលក្នុងនោះដែរ អង្ករកម្ពុជាបាននាំចូលកំពុងលក់លើបរិមាណ ច្រើនជាងគេរួមទាំងខេត្ត Guangdong មានចំនួន ៧៧.៦% ខេត្ត Hubei ចំនួន ៦.៨% ខេត្ត Fujian ៣.៧% ខេត្ត Hunan ៣.៤% ។ល។ នេះបេីយោងតាមការបញ្ជាក់ពីតំណាងភាគីចិន។
គួរបញ្ជាក់ថា ការនាំចេញអង្ករទៅចិន ភាគីទាំងពីររំពឹងថា នឹងបន្តកើនឡើងថែមទៀតនាពេលដ៏ខ្លីខាងមុខ។ ការរីកចម្រើននេះ គឺកើតចេញអំពីឆន្ទៈល្អពិតប្រាកដ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ ជាពិសេស គឺកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញឱ្យមានការីរកចម្រើនឡើង៕ដោយ៖សហការី