ខេត្តរតនគិរី៖ បញ្ហារថយន្តអត់ពន្ធគឺជារឿងក្តៅគគុកមួយដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់។ ជាក់ស្ដែងនៅឯខេត្តរតនគិរីអាជ្ញាធរសហការជាមួយកម្លាំងមានសមត្ថកិច្ចកងរាជអាវុធហត្ថបន្តធ្វើសកម្មភាពចុះបង្ក្រាបរថយន្តអត់ពន្ធដូចភ្លៀងរលឹមហើយក្នុងរយៈពេលពីរថ្ងៃសមត្ថកិច្ចបានបង្ក្រាបរថយន្តទំនើប 2គ្រឿងដែលមិនបង់ពន្ធ។
គួរឱ្យដឹងផងដែរថា រថយន្តស៊េរីទំនើបចំនួន២គ្រឿង ត្រូវបានសមត្ថកិច្ចគយសហការជាមួយកម្លាំងកងរាជ អាវុធហត្ថខេត្ត ចុះរឹបអូសរយៈពេល២ថ្ងៃ គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នៅក្នុងក្រុងបានលុង។
យោងតាមផេករបស់កងរាជអាវុធហត្ថខេត្តរតនគិរីបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោកអនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយកម្លាំងជំនាញគយរដ្ឋករ សាខាខេត្តរតនគិរី បានឃាត់រថយន្តចំនួន២គ្រឿងរួមមាន៖
១- រថយន្តម៉ាកឡិចស៊ីស330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0482 សង្ស័យថា គ្មានពន្ធនាំចូល ហើយត្រូវបានឃាត់នៅចំណុចជិតមន្ទីរវប្បធម៌ខេត្ត ក្នុងក្រុងបានលុងនិង២- រថយន្តម៉ាកឡិចស៊ីស400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-1806 សង្ស័យថាគ្មានពន្ធនាំចូល ត្រូវបានឃាត់នៅចំណុចភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
បច្ចុប្បន្ន រថយន្ត ទាំង២គ្រឿង ត្រូវបានរក្សាទុកនៅសាខាគយនិង រដ្ឋាករ ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី។
ទាក់ទិនបញ្ហាឃាត់ចាប់រថយន្តស៊េរីទំនើបពីរគ្រឿងខាងលើនេះ មិនអាចសុំការពន្យល់ពីលោកហាល ទូច ប្រធានស្នាក់ការគយនិងរដ្ឋាករខេត្តរតនគីរីបានទេ នៅនៅព្រឹកថ្ងៃទី៧ខែមីនាឆ្នាំ២០២២នេះ ដោយសារទូរសព្ទរបស់លោកជាប់រវល់។
ដោយឡែកលោកថាវ យ៉េន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តរតនគិរី បានបញ្ជាក់តាមទូរសព្ទឲ្យដឹងថា ខាងគយគេសុំសហការជាមួយកម្លាំងប៉េអឹមខេត្តអញ្ចឹងសួរទៅខាងគយទៅបានដឹង។ លោកបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីគ្រាន់តែបានចូលរួមសហការក្នុងការបង្ក្រាបរថយន្តអត់ពន្ធតាមការស្នើសុំរបស់ស្ថាប័នគយតែប៉ុណ្ណោះ៕