អាជ្ញាធរ​ខណ្ឌទួលគោកព្រមានឃាត់ខ្លួនក្រុម​អាជីវករដែលធ្វើការតវ៉ា​បិទផ្លូវ​ម៉ៅ​សេ​ទុង​បញ្ជូន​ទៅ​តុលាការ

ចែករំលែក៖

​ភ្នំពេញ ៖ យោងតាមការឱ្យដឹងពីមន្ត្រីអាជ្ញាធរ​ខណ្ឌទួលគោកនៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ២០២២បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានថា រដ្ឋបាលរាជធានី​ភ្នំពេញ​តម្រូវ​ឱ្យរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ទូ​ទាំង​រាជធានី​ភ្នំពេញ តាម​រយៈ​សេចក្តីណែនាំ​ស្តី​ពី​ការ​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដងផ្លូវ និង​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទាំងអស់ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ឈាន​ទៅ​រក​ការ​រក្សា​បាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​តាម​ដងផ្លូវ សម្រួល​លំហូរ​ចរាចរណ៍ លើកកម្ពស់​សោភណ​ភាព​ទីក្រុង និង​តម្រង់​ទិស​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញឱ្យចំ​ទិស​ដៅ​សម្រាប់​ប្រយោជន៍​សាធារណៈ ដើម្បី​កាត់​បន្ថយ​បាននូវការ​កកស្ទះ​ចរាចរណ៍ និង​ធ្វើ​ឱ្យមាន​អនាម័យ បរិស្ថាន​ល្អ រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យមាន​របៀបរៀបរយ​តាម​ដងផ្លូវ។

    ដោយឡែក​វិថីម៉ៅ​សេ​ទុង​(​ផ្លូវ​លេខ២៤៥) ក៏​ជា​ផ្លូវ​អាទិភាព​មួយ​ខ្សែ​ក្នុង​ចំណោម​ផ្លូវ​អាទិភាព​ទាំង​១១​ខ្សែ​ដែលសាលា​រាជធានី​ភ្នំពេញបាន​ចេញសេចក្តីណែនាំ​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ផង​ដែរ។ 

   សូមបញ្ជាក់ឱ្យដឹងថា កន្លង​មក​អាជ្ញាធរ​ខណ្ឌទួលគោក​បាន​អនុវត្ត​វិធានការ​អប់រំ ​ដោយ​បាន​ចេញ​នូវ​សេចក្តីជូនដំណឹង​ជា​ច្រើន​លើក​ច្រើនសា និង​ផ្សព្វផ្សាយ​គ្រប់​មធ្យោបាយ​ដោយតម្រូវ​ឱ្យបងប្អូន​ប្រជាពលរដ្ឋចូលរួម​ជាមួយ​អាជ្ញាធរ​នៅ​ក្នុង​ការ​អនុវត្ត​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​វិថីម៉ៅ​សេ​ទុង​(​ផ្លូវ​លេខ២៤៥) នេះ ។  ប៉ុន្តែផ្ទុយ​ទៅ​វិញ​បងប្អូន​អាជីវករ​មួយ​ចំនួននៅ​តែ​បន្តសកម្មភាព​លក់ដូរ​យ៉ាង​អនាធិ​ប​តេ​យ្យ​នៅ​លើ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​នេះ​ដដែល ដូច្នេះ​រដ្ឋបាល​ខណ្ឌ​គ្មាន​ជម្រើស​ណា​ក្រៅពី​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​ចំពោះ​បុគ្គល​ទាំងឡាយណាដែល​​មិន​​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នានា របស់អាជ្ញាធរ​ខណ្ឌដែល​បាន​ដាក់​ចេញ​កន្លង​មកនោះទេ។

ជាក់ស្តែង ​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២២ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌទួលគោក​ រួម​ជាមួយនឹង​កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់នៃ​ស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល តែ​នៅ​យប់​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២២ អំឡុង​ពេល​កម្លាំងសមត្ថកិច្ចចុះអនុវត្ត​វិធានការ​រដ្ឋបាល​ មាន​ជន​មួយ​ក្តាប់​តូច ​បាន​ធ្វើ​សកម្មភាព​ញុះញង់ និង​រារាំង កម្លាំង​សមត្ថកិច្ច​ដោយ​ប្រើ​ហិង្សា និង​យក​សម្ភារផ្សេង​ៗគប់​ព្រមទាំង​ប្រើ​ពាក្យ​សម្តីជេរ​ប្រមាថ​មក​លើ​មន្ត្រី និង​កងកម្លាំង​ដែល​កំពុ​ងបំពេញភារកិច្ច ។

លើស​ពី​នេះ​ទៅ​ទៀត នៅ​យប់​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២២ ជន​មួយ​ចំនួន​ដដែល​នោះនៅ​តែ​បង្កើន​សកម្មភាព​ញុះញង់ និង​រារាំង​ខ្លាំង​ជាង​មុន ដោយ​អ្នកខ្លះបាន​គប់​ផ្លែ​ឈើ និង​ជេរ​ប្រមាថ​ធ្ងន់​ៗ​មក​លើ​មន្ត្រី និង​កងកម្លាំង​មាន​សមត្ថកិច្ច ព្រមទាំង​បាន​យក​សម្ភារៈផ្សេង​ៗ​មក​គរ​បិទ​កំណាត់​ផ្លូវ​ម៉ៅ​សេ​ទុង ​(​ផ្លូវ​២៤៥) ធ្វើ​ឱ្យកកស្ទះ និង​បង្ក​គ្រោះថ្នាក់ដល់​អ្នក​ធ្វើ​ដំណើរ​ទៀត​ផង ។  ក្នុង​ន័យ​នេះ​ អាជ្ញាធរ​ខណ្ឌសូម​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ មេត្តា​ជ្រាប​ជា​ព័ត៌មាន ​ពិសេស​ជន​ដែល​បាន​ប្រើ​ហិង្សា​កន្លង​មក សូម​បញ្ឈប់​សកម្មភាព​បង្ក​ការ​ញុះញង់​បង្កើត​ជា​បទល្មើស​ជា​បន្ទាន់ ហើយ​ងាក​មក​ចូលរួម​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ចក្នុង​ការ​អនុវត្ត​ច្បាប់ ។

ករណី​នៅ​តែ​បន្តសកម្មភាព​ល្មើស​តទៅ​ទៀត រដ្ឋបាល​ខណ្ឌ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​ឃាត់ខ្លួនកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់ ។

   អាជ្ញាធរ​ខណ្ឌទួលគោកជឿជាក់​យ៉ាង​មុតមាំ​ថា បុគ្គល​ដែល​មានការ​ពាក់ព័ន្ធ​ នឹង​ចូលរួមជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​ច្បាប់ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print