ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសតំបន់អាស៊ី គឺមានការកើនឡើងខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេល២៤ម៉ោង កន្លងមក ដោយមានអ្នកឆ្លងជាង ៦២៨ពាន់នាក់។ តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថាគិតត្រឹមថ្ងៃទី៧ខែមីនា នៅទូទាំងពិភពលោកមានករណីឆ្លងសរុបជាង ៤៤៦,៦លាននាក់ និងស្លាប់ ៦លាននាក់ ។ អ្នកជំងឺជាសះស្បើយ មានជាង៣៧៩ ,៦លាននាក់ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកមានករណីឆ្លងនៅលើពិភពលោក មានជាង១,១៥លាននាក់ ហើយ ប្រទេសដែលមានករណីឆ្លងខ្ពស់ជាងគេគឺ កូរ៉េខាងត្បូងមានករណីឆ្លងជាង២សែននាក់ក្នុងរយៈពេល២៤ម៉ោង ករណីឆ្លងភាគច្រើនគឺអូមីក្រុង ។ ចំណែកអាមេរិកវិញគឺជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេបង្អស់នៅលើពិភពលោក ពេលនេះ បានថយចុះយ៉ាងខ្លាំង គឺមានអ្នកឆ្លងតិចជាង៥ពាន់នាក់ក្នុងមួយថ្ងៃ។ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ៤,៩០៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១៨៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨០,៩១៧,៥២២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៨៤,០២០នាក់ និងជាសះស្បើយឡើងសរុបជាង ៥៤.៧៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង៥៥៥លានដូស ក្នុងនោះប្រជាជន២៥៤លាននាក់ (៧៧.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១៥.២៧លាននាក់ (៦៥.៣% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស និង ៩៤.៩២លាននាក់ (២៨.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕ ដោយធីរីណា
រូបថត៖Yonhap