លោកម៉ុក ពន្លកថ្លែងថា ក្រុមមន្រ្តីជំនាញអភិរក្សប្រទះឃើញកូនផ្សោត១ក្បាលទើបកើតថ្មីនៅក្នុងទន្លេមេគង្គ ខេត្តក្រចេះ

ចែករំលែក៖

ក្រចេះ៖ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះលោកម៉ុក ពន្លកបានឲ្យដឹងថា មន្ត្រីអភិរក្សបានប្រទះឃើញកូនផ្សោតមួយក្បាលថ្មីទៀតបណ្ដែតខ្លួននៅក្នុងទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះហើយបើតាមការវាយតម្លៃកូនផ្សោតទើបនឹងកើតនៅដើមឆ្នាំ 2022 នេះ។

ក្រុមមន្រ្តីជលផលទទួលបន្ទុកអភិរក្សឲ្យដឹងថា កូនផ្សោតមួយក្បាលថ្មីទៀត ត្រូវបានគេប្រទះឃើញកំពុងហែលក្នុងទឹកទន្លេ ក្នុងអន្លង់ តាមដងមេគង្គ ជាមួយមេផ្សោតមួយហ្វូងធំ។ ការប្រទះឃើញកូនផ្សោតថ្មីមួយក្បាលនេះ ក៏ត្រូវបានក្រុមមន្រ្តីអ្នកស្រាវជ្រាវ អះអាងថា គឺជាកូនផ្សោតទី១ ដែលបានចាប់កំណើតកើតដំបូងនៅដើមឆ្នាំ ២០២២នេះ។

របាយការណ៍របស់អង្គការជាដៃគូរអភិរក្ស បានឲ្យដឹងថា នៅឆ្នាំ២០២១កន្លងទៅ យ៉ាងហោច​មាន​កូនផ្សោតទឹកសាប៦ក្បាល ត្រូវបានចាប់កំណើតជាមួយនិងមេរបស់វានៅទន្លេមេគង្គខេត្តក្រចេះ។ ហើយសម្រាប់ឆ្នាំ ២០២២ គឺទើបតែមានកូនផ្សោតមួយក្បាលកើតដំបូងគេ ដែលត្រូវបានក្រុមមន្រ្តី​ជំនាញ​ប្រទះឃើញ នៅព្រឹកថ្ងៃទី៧ ខែមិនានេះ ខណៈកូនផ្សោតតូចមួយនេះ កំពុងតែហែល​លេង​ក្នុងទឹកទន្លេជាមួយនិងហ្វូងផ្សោតតូចធំចំនួនជាង ៨ក្បាល​ នៅអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។

នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំអភិរក្សលោក​ ម៉ុក ពន្លក បានឲ្យដឹងថា តាម​ការ​ធ្វើជំរឿន សព្វថ្ងៃ សត្វផ្សោតញីឈ្មោលមានចំនួនជិត​ ៩០ក្បាល ​កំពុងតែរស់នៅតាមអន្លង់ នៅតាមដងទន្លេមេគង្គកម្ពុជា។ សម្រាប់ទន្លេមេគង្គខេត្តក្រចេះ មានអន្លង់ផ្សោតរស់នៅចំនួន៥កន្លែងធំៗ រួមមាន​អន្លង់ខ្សាច់ម្កាក់​ អន្លង់កន្ទុយកោះរងាវ អន្លង់កោផ្តៅ ​អន្លង់កោហដំបង​ និងអងន្លង់កាំពី។

លោកនាយខណ្ឌបញ្ជាក់ថា អន្លង់ទាំង៥នេះ​ សព្វថ្ងៃមានសត្វផ្សោតញីឈ្មោល តូច​និង​ធំរស់​នៅចន្លោពី ​៥៥ ទៅ ៦២ក្បាល។

ទន្ទឹមនិងស្ថានភាពនៃការបង្កកំណើតនៃពពួក​សត្វផ្សោតទឹក​សាបអ៊ីរ៉ាវាឌី ដែលកំពុងតែ​មាន​កំណើត​កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ​លោក ម៉ុក ពន្លក ​បានអះអាងថា​ លទ្ធផល​នេះ គឺ​បាន​មកពីចូលរួម​អភិរក្ស​ពីក្រុមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ​ក៏ដូចជាពលរដ្ឋ ដែលមិនសំដៅតែទៅ​លើ​ពពួក​សត្វ​ផ្សោតនោះទេ​ គឺសំដៅលើគ្រប់មច្ឆជាតិក្នុងដងទន្លមេគង្គ។

ដើម្បីធានាបានថា ​កូនផ្សោតនេះ ​បន្តរស់រានមានជីវិត ​និង​វិវត្តន៍​ទៅជា​ផ្សោត​ពេញវ័យ​នៅក្នុង​ចំនួន​សរុប រដ្ឋបាលជលផល សូមអំពាវនាវដល់សូមបងប្អូន​ប្រជានេសាទ​មេត្តាចូលរួមការពារ និង​បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់​ ពិសេស​ការ​នេសាទ​ដោយប្រើឧបករណ៍មង និង​គ្រឿងឆក់ជាដើម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print