ក្រចេះ៖ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះលោកម៉ុក ពន្លកបានឲ្យដឹងថា មន្ត្រីអភិរក្សបានប្រទះឃើញកូនផ្សោតមួយក្បាលថ្មីទៀតបណ្ដែតខ្លួននៅក្នុងទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះហើយបើតាមការវាយតម្លៃកូនផ្សោតទើបនឹងកើតនៅដើមឆ្នាំ 2022 នេះ។
ក្រុមមន្រ្តីជលផលទទួលបន្ទុកអភិរក្សឲ្យដឹងថា កូនផ្សោតមួយក្បាលថ្មីទៀត ត្រូវបានគេប្រទះឃើញកំពុងហែលក្នុងទឹកទន្លេ ក្នុងអន្លង់ តាមដងមេគង្គ ជាមួយមេផ្សោតមួយហ្វូងធំ។ ការប្រទះឃើញកូនផ្សោតថ្មីមួយក្បាលនេះ ក៏ត្រូវបានក្រុមមន្រ្តីអ្នកស្រាវជ្រាវ អះអាងថា គឺជាកូនផ្សោតទី១ ដែលបានចាប់កំណើតកើតដំបូងនៅដើមឆ្នាំ ២០២២នេះ។
របាយការណ៍របស់អង្គការជាដៃគូរអភិរក្ស បានឲ្យដឹងថា នៅឆ្នាំ២០២១កន្លងទៅ យ៉ាងហោចមានកូនផ្សោតទឹកសាប៦ក្បាល ត្រូវបានចាប់កំណើតជាមួយនិងមេរបស់វានៅទន្លេមេគង្គខេត្តក្រចេះ។ ហើយសម្រាប់ឆ្នាំ ២០២២ គឺទើបតែមានកូនផ្សោតមួយក្បាលកើតដំបូងគេ ដែលត្រូវបានក្រុមមន្រ្តីជំនាញប្រទះឃើញ នៅព្រឹកថ្ងៃទី៧ ខែមិនានេះ ខណៈកូនផ្សោតតូចមួយនេះ កំពុងតែហែលលេងក្នុងទឹកទន្លេជាមួយនិងហ្វូងផ្សោតតូចធំចំនួនជាង ៨ក្បាល នៅអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំអភិរក្សលោក ម៉ុក ពន្លក បានឲ្យដឹងថា តាមការធ្វើជំរឿន សព្វថ្ងៃ សត្វផ្សោតញីឈ្មោលមានចំនួនជិត ៩០ក្បាល កំពុងតែរស់នៅតាមអន្លង់ នៅតាមដងទន្លេមេគង្គកម្ពុជា។ សម្រាប់ទន្លេមេគង្គខេត្តក្រចេះ មានអន្លង់ផ្សោតរស់នៅចំនួន៥កន្លែងធំៗ រួមមានអន្លង់ខ្សាច់ម្កាក់ អន្លង់កន្ទុយកោះរងាវ អន្លង់កោផ្តៅ អន្លង់កោហដំបង និងអងន្លង់កាំពី។
លោកនាយខណ្ឌបញ្ជាក់ថា អន្លង់ទាំង៥នេះ សព្វថ្ងៃមានសត្វផ្សោតញីឈ្មោល តូចនិងធំរស់នៅចន្លោពី ៥៥ ទៅ ៦២ក្បាល។
ទន្ទឹមនិងស្ថានភាពនៃការបង្កកំណើតនៃពពួកសត្វផ្សោតទឹកសាបអ៊ីរ៉ាវាឌី ដែលកំពុងតែមានកំណើតកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ លោក ម៉ុក ពន្លក បានអះអាងថា លទ្ធផលនេះ គឺបានមកពីចូលរួមអភិរក្សពីក្រុមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាពលរដ្ឋ ដែលមិនសំដៅតែទៅលើពពួកសត្វផ្សោតនោះទេ គឺសំដៅលើគ្រប់មច្ឆជាតិក្នុងដងទន្លមេគង្គ។
ដើម្បីធានាបានថា កូនផ្សោតនេះ បន្តរស់រានមានជីវិត និងវិវត្តន៍ទៅជាផ្សោតពេញវ័យនៅក្នុងចំនួនសរុប រដ្ឋបាលជលផល សូមអំពាវនាវដល់សូមបងប្អូនប្រជានេសាទមេត្តាចូលរួមការពារ និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ពិសេសការនេសាទដោយប្រើឧបករណ៍មង និងគ្រឿងឆក់ជាដើម៕