ខេត្តកណ្តល៖ ម៉ូតូ២គ្រឿងបើកបោះពួយយ៉ាងលឿនបុកគ្នាពេញមួយទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ២ បណ្តាលឲ្យបុរស២នាក់ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់និងស្រាលកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់ឈ្មោះ បាន សុខជា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីលែត៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CZ-0605 ។ បុរសដែលរងរបួសស្រាលឈ្មោះ ប៉ុន វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិតាំងញៀន ឃុំវាលរៀម ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CG-5341 ។
ប្រភពដដែលបានបន្តថា នៅមុនពែលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីមបើកបរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីខេត្តតាកែវឆ្ពោះទៅរាជធានីភ្នំពេញ ខណៈបើកដល់ចំណុចកើតហេតុបានជ្រុលទៅជាមួយម៉ូតូម៉ាកស៊ុយហ្ស៊ូគីលែត៍ ដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកយ៉ាងច្រងាប់ច្រងិលនៅលើផ្លូវជាតិ ធ្វើឲ្យអ្នកបើកបរទាំង២នាក់រងរបួសធ្ងន់ស្រាល ។
ក្រោយពេលកើតហេតុអ្នកបើកបរទាំង២នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តស្រុក ។ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកកណ្តាលស្ទឹង ធ្វើការដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្តោះអាសន្ន ដើម្បីធ្វើការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ