ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានមិត្តភ័ក្រ្តហៅផឹកស៊ីពេលស្រវឹងរៀងខ្លួនក៏គិតលុយតែត្រូវបានមិត្តភ័ក្ត្រគេចខ្លួនបាត់អស់ ពេលអត់លុយឲ្យគេត្រូវម្ចាស់ហាងឃាត់ម៉ូតូ កាលពីវេលាម៉ោង១១នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចហាងយីហោ ដារាជ្រៃកោង តាមបណ្តោយផ្លូវវេងស្រេង ភូមិព្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ហើយបុរសជាអ្នករត់ម៉ូតូបានរត់មកប្តឹងសមត្ថកិច្ចថា មានគេដេញវាយយកម៉ូតូទៅវិញ។
តាមសំដីជនរងគ្រោះជាអ្នករត់ម៉ូតូឌុបបានឲ្យដឹងថា នៅមុនពេលកើតហេតុរួបគាត់បានឌុបម៉ូយម្នាក់ជាមនុស្សប្រុសក៏ដូចជាមិត្តភ័ក្ត្រផងដែរ ។ បន្ទាប់មកមិត្តភ័ក្ត្រក៏បបួលចូលផឹកស៊ីនៅហាង ដារាជ្រៃកោង និងបានកាម៉ង់ម្ហូបនិងស្រាជាច្រើនខណៈពេលស្រវឹងក៏ហៅគិតលុយស្រាប់តែមិត្តភ័ក្រ្តគេចខ្លួនបាត់ដោយនៅសល់តែម្នាក់ឯងដោយសារតែមិនមានលុយគ្រប់ក៏រត់ចេញមកក្រៅតែត្រូវក្រុមម្ចាស់ហាងដេញវាយនិងគំរាមសម្លាប់។
គាត់បានបន្តថា បន្ទាប់មករូបគាត់ក៏បានរត់ទៅប្តឹងសម្ថកិច្ចប៉ុស្តិ៍ចោមចៅដើម្បីជួយអន្តរាគមន៍។ តែបើតាមសំដីម្ចាស់ហាងបានឲ្យដឹងថា ពួកគាត់ទាំង២នាក់បានចូលមកផឹកតាំងពីវេលាម៉ោង៨យប់និងហៅស្រាសូនីចំនួន៣ដបរួមទាំងសាច់ក្លែមជាច្រើនមុខផងដែរ លុះរហូតដល់ម៉ោង១១យប់ខណៈគិតលុយពួកគាត់ក៏រត់ដោយមិនព្រមសងលុយទើបពួកគាត់ដេញឃាត់និងដកហូតម៉ូតូម៉ាកវេវ១គ្រឿងទុករងចាំយកលុយមកសងទើបប្រគល់ឲ្យវិញ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការសម្រួលគ្នាដោយម្ចាស់ហាងព្រមទទួលលុយពីបុរសអ្នករត់ម៉ូតូឌុបចំនួន១២០ដុល្លារដើម្បីបញ្ចប់រឿង៕
ដោយ៖ សុខាសែនជ័យ