បុរសម្នាក់គ្មានប្រាក់ទិញម្ហូបឱ្យប្រពន្ធនិងកូនបានតខ្សែភ្លើងទៅឆក់ត្រីក្នុងទឹកស្រះភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានតខ្សែភ្លើងពីក្នុងបន្ទប់ជួលចុះទៅឆក់ត្រីក្នុងទឹកស្រះដើម្បីយកមកធ្វើម្ហូបឱ្យប្រពន្ធនិងកូនតូចៗហូប តែភ្លាត់ស្នៀតបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្សុី។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្រះទឹកមួយកន្លែងក្បែរបន្ទប់ជួល ក្នុងភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ វណ្ណា ធី អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ផ្នែកបុកគ្រឹះ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិព្រៃស្តៅ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅកន្លែងការដ្ឋានសំណង់ដែលគាត់ធ្វើការដើម្បីសុំបើកលុយពីមេការយកមកទិញម្ហូបអាហារឱ្យប្រពន្ធនិងកូនតូចៗហូប តែមេការប្រាប់ថាអត់ទាន់មានលុយបើកឱ្យរូបគាត់នោះទេ ទើបជនរងគ្រោះត្រឡប់មកបន្ទប់ជួលវិញ ហើយក៏បានតខ្សែភ្លើងចេញពីបន្ទប់ជួលរាយចុះទៅក្នុងស្រះដើម្បីឆក់ត្រី។ ពេលឆក់ត្រីបានប្រហែលជាងមួយគីឡូក្រាមហើយរជនរងគ្រោះពុំព្រមឈប់ទេ គឺនៅតែបន្តចុះទៅឆក់ត្រីបន្ថែមទៀតទុកប្រឡាក់សម្រាប់ឱ្យប្រពន្ធធ្វើម្ហូបហូបថ្ងៃមុខទៀត តែជាអកុសលជនរងគ្រោះ បានយកដៃរបស់គាត់ប៉ះចំដែកដងឆក់ បណ្តាលឲ្យឆ្លងចរន្តភ្លើងឆក់ស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលការិយាល័យកោសល្យវិច័យ និងបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យសព និងសម្ភារសម្រាប់ឆក់ត្រីរបស់ជនរងគ្រោះ។ ក្រោយពេលសមត្ថកិច្ចជំនាញពិនិត្យរួចបានបញ្ជាក់ថា សពបុរសរូបនេះ ពិតជាត្រូវបានខ្សែភ្លើងឆក់ស្លាប់ប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print