សហភាពសហគមន៍កសិកម្មខេត្តកណ្តាល នឹងក្លាយជាទីប្រមូលផ្តុំកសិផល និងផ្សារបោះដុំដ៏ធំនៅខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២២ សហគមន៍កសិកម្មចំនួន ១១ នៃស្រុកកោះធំ ស្រុកលើកដែក និងស្រុកស្អាង បានស្ម័គ្រចិត្តរួមគ្នាបង្កើតសហភាពសហគមន៍កសិកម្មនៅខេត្តកណ្តាល ក្នុងគោលបំណង ដើម្បីប្រមូលផ្តុំកម្លាំងផលិតកម្ម មធ្យោបាយផលិតកម្ម និងពង្រីកសមត្ថភាពនៅក្នុងផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម រួមទាំងសេវាកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម។

មានប្រសាសន៍ក្នុងពិធីបើកមហាសន្និបាតកំណើតដំបូងរបស់សហភាពសហគមន៍កសិកម្ម លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានថ្លែងថា៖ការបង្កើតសហភាពសហគមន៍កសិកម្ម ក្នុងខេត្តកណ្តាលនេះ មានសារៈសំខាន់ និងចាំបាច់ណាស់ក្នុងការជំរុញផលិតកម្ម និងទីផ្សាផលិតផល កសិកម្ម ជាពិសេសដំណាំបន្លែចំរុះ ក្នុងខេត្តកណ្តាល ស្របតាមផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់ខេត្តកណ្ដាល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។លើសពីនេះទៀត សហភាពសហគមន៍កសិកម្មនេះ ជាសមិទ្ធិផលថ្មីមួយទៀត ដែលខេត្តកណ្តាលយើងទទួលបាន ហើយការបង្កើតសហភាពសហគមន៍កសិកម្មនេះ ជាយន្តការដែលដើរស្រប និងឆ្លើយតបជាមួយ នឹងផែនការយុទ្ធសាស្ត្រជាតិ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៥ និងចូលរួមកាត់បន្ថយភាពក្រីក ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្តថា៖តាងនាមរដ្ឋបាលខេត្ត សហភាពសហគមន៍កសិកម្មទាំង ១១ ក្នុងខេត្តកណ្តាល ដែលនឹងប្រសូត្រឡើងឆាប់ៗក្នុងនេះ និងសូមសម្ដែងការ គាំទ្រ នៃផ្តួចផ្តើមបង្កើតអោយមាន សហភាពសហគមន៍កសិកម្មក្នុងខេត្តកណ្តាលនេះឡើង។បន្ថែមពីលើនេះ សូមអង្គតំណាងបោះឆ្នោត ដែលមកពីសហគមន៍កសិកម្មទាំងអស់ធ្វើការពិចារណា និងពិនិត្យពិច័យអោយបានល្អិតល្អន់ ក្នុងការបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាលគ្រប់គ្រងសហភាព និងគណៈកម្មការត្រួតពិនិត្យ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំសហភាព អោយដំណើរការបានរលូន ជោគជ័យ និងប្រកបដោយនរិន្ដភាព សហគមន៍កសិកម្មរបស់ខ្លួនទាំងអស់។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្តបានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំកម្មវិធី “វ៉តហ្វខាំ” នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD និង សហគមន៍អឺរ៉ុប EU ដែលជួយគាំទ្រ និងចូលរួមអភិឌ្ឍន៍វិស័យកសិកម្ម តាមរយៈការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង ធនធានទឹក ការអនុវត្តកសិកម្មអេកូឡូស៊ី ការជំរុញផលិតកម្មស្បៀង និងទីផ្សារ ក្នុងខេត្តកណ្តាល ជាពិសេសការគាំទ្រដល់ភាពរឹងមាំរបស់ស្ថាប័នដឹកនាំថ្នាក់មូលដ្ឋាន តាមរយៈការពង្រឹងសមត្ថភាពសហគមន៍ កសិកម្ម សហភាពសហគមន៍កសិកម្ម ក្រុមប្រើប្រាស់ទឹក និងទីផ្សារកសិកម្ម ក៏ដូចជាចូលរួមពង្រឹងលើគោល នយោបាយកសិកម្ម និងទីផ្សាររបស់រាជរដ្ឋាភិបាល។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានលើកឡើងថា៖ ការស្ម័គ្ររួបរួមគ្នាចងក្រងបង្កើតជាសហភាពសហគមន៍កសិកម្ម សបញ្ជាក់អោយឃើញពីទស្សនវិស័យវែងឆ្ងាយ ក្នុងបរិបទសាកលភាវូបនីយកម្ម ឈរលើគោលការណ៍ច្បាប់ បទដ្ឋានគតិយុត្ត ស្មារតី និងឆន្ទៈច្បាស់លាស់។

លោកបន្តថា៖ សហគមន៍កសិកម្មចំនួន ២ ឡើងទៅ ក៏អាចបង្កើតបានសហភាពសហគមន៍កសិកម្មមួយផងដែរ។

លោកបន្ថែមថា៖វិសាលភាពការងារនឹងមានកាន់តែធំ ដោយការសម្រេចចិត្តទាមទារការគិតគូរហ្មត់ចត់ ដែលឆ្លើយតបទៅនឹងគោលបំណងសមាជិក និងតម្រូវការពិតប្រាកដរបស់សហភាព។ ហើយការបង្កើតជាសហភាពនេះ នឹងផ្ដល់ភាពងាយស្រួលក្នុងការចុះកិច្ចសន្យាលើផលិតផលកសិផលអ្វីមួយរួមគ្នា ជាពិសេសប្រមូលផ្ដុំកសិផល ដើម្បីឈានដល់ការចែកចាយ ឬបោះដុំដ៏ធំមួយក្នុងខេត្តកណ្តាល។

លោក ក៏បានសំណូមពរដល់សហគមន៍កសិកម្មទាំង៨១១ដែលស្ម័គ្រចិត្តរួមគ្នាបង្កើតសហភាពនាពេលនេះ ត្រូវពង្រឹងសហគមន៍របស់ខ្លួន ជាពិសេសត្រូវរៀបវចំមហាសន្និបាតប្រចាំឆ្នាំដើម្បីបង្ហាញអោយឃើញពីតម្លាភាពសម្រាប់សមាជិក និងផ្តល់ឱកាសអោយសមាជិកជួយផ្តល់យោបល់៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print