ខេត្តព្រះសីហនុ៖ បេីយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅលេីផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តយ៉ាងដូច្នេះថា៖ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅទូទាំងខេត្តព្រះសីហនុ ក៏ជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ លោកចាត់ឱ្យកម្លាំងជំនាញចម្រុះបន្តចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសៗ នៅតាមទីតាំងសំខាន់ៗជារៀងរាល់ថ្ងៃ។
ជាក់ស្ដែងនៅយប់ថ្ងៃព្រហស្បតិ៍ទី១០ ខែមីនា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
ដោយឡែកនៅព្រឹកថ្ងៃសុក្រទី១១ ខែមីនា ឆ្នាំ២០២២ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ឈរជើងនៅតាមគោលដៅសំខាន់ៗ និងបានចុះសម្រួលចរាចរណ៍ជូន សិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុផងដែរ៕
ដោយ៖សហការី