ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រី១កន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាបទាំងព្រឹក ជាលិទ្ធផលឃាត់ខ្លួនមនុស្សស្រី២នាក់ និងដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូ ទូហ្គេមបៀរចំនួន២១ទូ ។
ករណីចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ចំណុចផ្ទះលេខ៤៨បេ ផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការណ៍នេះបានដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក រួមសហការជាមួយលោក សុឹម ពិសិដ្ឋ អធិការរងទទួលផ្នែកយុតិ្តធម៍នៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ក្រោមចំណាត់ការក្តៅរបស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ។
ក្រោយចុះប្រតិបត្តិការសមត្ថកិច្ចរកឃើញទូហ្គេមបាញ់ត្រីចំនួន២ទូ ទូហ្គេមបៀរចំនួន២១ទូ ដំណើរការចំនួន១១ទូ លុយចំនួន២៦មុឺនរៀល ស្ត្រី២នាក់ជាអ្នកមើលការ ខុសត្រូវផងដែរ ។
បច្ចុប្បន្នទីតាំងខាងលើត្រូវបានបិទទ្វារបណ្តោះអាសន្ននិងស្ត្រីមេការ២នាក់នោះត្រូវបានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស ដារ៉ា