នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២២ម្សិលមុិញ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើលិខិតថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម។

«ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រ ជូនចំពោះ សម្តេចតេជោ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ក្នុងឱកាសដែលខ្ញុំបានទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅចុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ និងការផ្តល់ជំនួយចំពោះសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង ប្រទេសឡាវ រួមមានថវិកាចំនួន ១៣លានដុល្លារអាមេរិក វ៉ាក់សាំងចំនួន ៥០០.០០០ដូស និងរថយន្ត ដឹកវ៉ាក់សាំងចំនួន ១៣គ្រឿង។ ថ្ងៃនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិណងណុកខៀន-ត្រពាំងក្រៀល មានពិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងបន្ថែមទៀត បន្ទាប់ពីមានពិធីប្រគល់ ទទួលនូវរថយន្តដឹកវ៉ាក់សាំង ចំនួន ០៣គ្រឿង កាលពីចុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ។

ក្នុងនាមបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងស្មោះត្រង់ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលផ្តល់ជំនួយចំពោះសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ជាពិសេសក្នុងពេលដែលប្រទេសយើងទាំងពីរកំពុងប្រឈមនឹងការ ឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយកម្ពុជាខ្លួនឯងនៅតែមានទឹកចិត្ត ដោយបានផ្ដល់ ជំនួយដូចបានជម្រាបជូនខាងលើ ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាផ្នែក មួយនៃការចូលរួមជួយឱ្យយើងខ្ញុំអាចឈានទៅសម្រេចគោលដៅនៃការចាក់វ៉ាក់សាំងជូនពលរដ្ឋឡាវ តាមការគ្រោងទុក ។

ជំនួយដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញឱ្យឃើញនូវសេចក្តីព្រួយបារម្ភ ការយកចិត្តទុកដាក់និង ទឹកចិត្តជ្រះថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលមានចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ក៏ដូចជាសរបញ្ជាក់នូវទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាល សាមគ្គីភាពជាប្រពៃណីដែលមានជាយូរលង់ មកហើយ និងកិច្ចសហការក្នុងនាមប្រទេសភូមិផងរបងជាមួយ ក្នុងស្មារតីភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេររឹងមាំរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរីកចម្រើន និងប្រកបដោយ ផ្លែផ្កាជានិរន្តរ៍ ។

ខ្ញុំសូមប្រសិទ្ធពរជ័យ ជូន សម្ដេចតេជោ សូមប្រកបដោយសុខភាពល្អបរិបូរ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ចដ៏ឧត្តុងឧត្តម និងដ៏ខ្ពង់ខ្ពស់បំផុត»៕

  

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print