ក្នុងខែមករាឆ្នាំ 2022កម្ពុជានាំទំនិញចេញទៅអាមេរិក មានតម្លៃ ៨៤៧លានដុល្លារ កើនឡើង៤៦%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ចែករំលែក៖

ភ្នំពេញ ៖ បើទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ19 ក៏ដោយការនាំចេញទំនិញសព្វបែបយ៉ាងរបស់កម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងនោះសហរដ្ឋអាមេរិកគោលដៅសំខាន់មួយផងដែរ។ គ្រាន់តែក្នុងខែមករានេះ កម្ពុជានាំទំនិញចេញទៅកាន់សហរដ្ឋអាមេរិក មានតម្លៃ ៨៤៧លានដុល្លារ កើនឡើង៤៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ពីការិយាល័យស្ថិតិអាមេរិកឲ្យដឹងថា គ្រាន់តែនៅក្នុងខែមករាឆ្នាំ 2022 នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក មានទំហំ ៨៧៥លានដុល្លារ កើនឡើង ៤២ភាគរយ។​ ដោយឡែកកម្ពុជា នាំទំនិញមកពីសហរដ្ឋអាមេរិក ​មានតម្លៃ ២៨លានដុល្លារ​ ធ្លាក់ចុះ ១៧ភាគរយ។ ដូច្នេះគេរំពឹងថានៅបណ្ដាខែខាងមុខទៀតទំហំនៃការនាំចេញនាំចូលនឹងបន្តកើនឡើងទៀតជាមិនខាន។

សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម – ប្រព័ន្ធអនុគ្រោះទូទៅ (GSP) ។ កាល​ពី​ពេលថ្មីៗនេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ប្រហែល ៣០ភាគរយ​នៃ​ការ​នាំ​ចេញ​នៃ​វិស័យ​វាយនភណ្ឌ​របស់កម្ពុជា ​ត្រូវ​បាននាំចេញ​ទៅ​សហរដ្ឋ​អាមេរិក។

ក្នុងកិច្ចពិភាក្សាស្តីពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក ​និងកម្ពុជា ​លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ការ​កើន​ឡើង​នៃការនាំ​ចេញ​វាយនភណ្ឌ ​គឺជា​កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា ​និង​សហរដ្ឋអាមេរិក ទោះបីជា​មាន​បញ្ហាប្រឈមមួយចំនួន​ផ្សេង​ទៀត​ក៏ដោយ។

សូមបញ្ជាក់ថា ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក​មាន​ចំនួន ៩ ១៥៩ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ​កើនឡើង ១៥,៨ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។ ក្នុងនោះ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ ​៨ ៧៤៥ លាន​ដុល្លារ​ទៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​របស់​ពិភពលោក​ កើន​ឡើង ៣៣,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២០៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print