.(តពីលេខមុន)
ពេលភ្លឺស្រាងៗ ទាយក ទាយិកានាំគ្នាត្រឡប់ទៅកាន់ទីលំនៅរៀងរៗខ្លួន ទៅសម្រាកបន្តិចដើម្បីនឹងត្រឡប់មកកាន់វត្តវិញនៅពេលថ្ងៃជិតត្រង់។
ជិតដល់ពេលហើយអ្នកស្រុកជើងវត្តនាំគ្នាទទួលបាយបត្តបូរ បាយបិណ្ឌ ម្ហូបចំណីផ្សេងៗ ដែលធ្វើដោយផ្ចិតផ្ចង់ទៅប្រគេនព្រះសង្ឃដើម្បីឲ្យបានផលដល់ខ្មោចជីដូនជីតា ដែលគេលែងឲ្យមកជួបជុំក្នុងពេលនោះ។ នៅស្រុកខ្លះគេបង្វិលពពិលបំបួសដូនជីមួយផងនៅឱកាសនោះ។
ពេលព្រលប់ថ្ងៃដដែលអ្នកស្រុកប្រមូលក្រុមញាតិនៅផ្ទះរៀងៗ ខ្លួនដើម្បីសែនជីដូន ជីតា ។ គេក្រាលកន្ទេលមួយដាក់សំពត់សក្រាលពីលើមានខ្នើយសមួយផង។ នៅអមកន្ទេលទាំងសងខាងមានថាសចំអាបបង្អែម បាយបិណ្ឌ និងបាយបត្តបូររៀបចំស្រេចកាលណា មនុស្សចាស់ម្នាក់ក្នុងគ្រួសារអុជធូបទៀនសំុបូងសង្រូងអញ្ជើញជីដូន ជីតា ញាតិមិត្តដែលបានធ្វើមរណកាលទៅនោះឱ្យអញ្ជើញមកសេពសោយអាហារភោជនាហារ ដែលគេរៀបជូននិងឱ្យសព្ទសារធុការពរដល់កូនចៅញាតិសន្តានផង។
ថ្ងៃជាបន្ទាប់មកគឺថ្ងៃ ១ កើតខែអស្សុជ គេក្រោកតាំងពីយប់នាំយកក្បូនដើមចេកផ្ទុកដោយស្បៀងអាហារ ស្រូវ អង្ករ នំនែកគ្រប់យ៉ាងយកទៅបណ្ដែតឲ្យរសាត់តាមខ្សែទឹកហូរហើយនិយាយថាសូមឱ្យជីដូនជីតាអញ្ជើញត្រឡប់ទៅស្រុកដើមវិញចុះ។
ក្នុងភូមិខ្លះនៅក្បែរក្រុងភ្នំពេញនាថ្ងៃដដែលនោះគេមានធ្វើពិធីសែនឬថ្វាយព្រះភូមិផង។ គេរៀបចំកន្ទេលខ្នើយបាយទឹក និងសំណែនផ្សេងៗ ដូចជាសែនដូនតាពេលល្ងាចដែរ រួចគេអញ្ជើញព្រះភូមិព្រះធរណីឲ្យមកសេពសោយព្រមទាំងសូមឲ្យកើតផលានុផលបរិបូរណ៍ផង។
ជួនកាល បន្ទាប់ពីការសែនព្រេននិងបួងសួងមក កូនក្មេងដែលនៅចំក្រោមផ្ទះនាំគ្នាស្រែកហ៊ោរលកញ្ជ្រៀវ វាយសសរផ្ទះក្នុងក្តុងក្តាំង បណ្ដើរនិយាយ បណ្ដើរថា” ព្រះភូមិ..ព្រះធរណី..យាងមកឱ្យយើងសុខសប្បាយ” រួចហើយនាំគ្នាសើចលាន់មាត់យ៉ាងសប្បាយទៅ។
បន្ទាប់មកទៀត គេយកអំបោះឆៅទៅចងដៃម្ចាស់ផ្ទះប្រុសស្រី ចងសរសរកន្លោង ចងស្នែងគោក្របី និងរនាស់។ អំបោះនេះជានិមិត្តរូបនៃសម្គាល់មួយយ៉ាងតឹងរឹងរវាងភ្ញៀវចូលមកជួបជុំនឹងអ្នកផ្ទះ គេយកប្រេងម្សៅទៅលាបស្នែងសត្វពាហនៈទាំងនោះហើយសុំខមាទោសកុំឱ្យមានកម្មពៀរដោយបានប្រើនិងវាយដំសត្វនោះក្នុងការធ្វើស្រែចម្ការ។
រួចហើយអ្នកស្រែចម្ការនាំគ្នាយកច្រមទៅមួយៗ គ្រប់ស្រែ។ ច្រមនោះ ធ្វើអំពីដើមឫស្សីមួយកំណាត់ គេច្រៀកចុងម្ខាងជាបន្ទះស្ដើងៗ ហើយយកវល្លិ៍ក្រងឱ្យមានរាងរីកចុង រួមគល់ ដូចជាជីវឡាវមានដាក់បាយនំចំណី និងចងស្លាបមាន់ខ្មៅមួយនៅមាត់ច្រមនោះផង។ អ្នកស្រែយកច្រមទៅដោតនៅទិសឥសានស្រែ ហើយថយមកអង្គុយបួងសួងមួយសន្ទុះសុំឲ្យធ្វើស្រែបានផល។ នៅកន្លែងខ្លះទៀតគេយកបាយបិណ្ឌទៅចោលក្នុងស្រែដើម្បីឲ្យបានផលច្រើន៕
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត