ខេត្តព្រះសីហនុ ៖ នាវាការពារជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង នឹងចូលចតនៅកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា
នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ។ នាវាការពារជើងទឹករបស់ជប៉ុនទាំងពីរគ្រឿង នឹងសំចតនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា។
វត្តមាននាវាស្វ័យការពារជើងទឹកជប៉ុន និងនាវិក នៅកំពង់ផែពហុបំណង ខេត្តព្រះសីហនុ មានការអញ្ជើញទទួលស្វាគមន៍ដោយផ្ទាល់ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅនឹងកំពង់ផែដោយផ្ទាល់តែម្តង។
សូមបញ្ជាក់ថា, នៅពេលល្ងាចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងជួបសំណេះសំណាលជាមួយមេបញ្ជាការ និងនាវិក ព្រមទាំងរៀបចំអាហាពេលល្ងាចទទួលពួកគេផងដែរ។ នាវាស្វ័យការពារជើងទឹកជប៉ុន ដែលចូលមកសំចតនៅកម្ពុជានេះរួមមាន៖ នាវាដែលមានឈ្មោះថា JS URAGA និង JS HIRADO។
សូមបញ្ជាក់ថា នាវា JS URAGA លេខ៤៦៣ ជាប្រភេទនាវាប្រឆាំងមីនមានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥.៤ម៉ែត្រ មានទម្ងន់ផ្ទុកជិត ៦ពាន់តោន និងមាននាវិកចំនួន ១២៦នាក់ ។ ដោយឡែកនាវា JS HIRADO លេខ៣០៥ មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២.៧ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិកចំនួន ៥៤នាក់។
សូមជម្រាបជូនថា, យោងតាមកម្មវិធីដែលបានគ្រោងទុកក្នុងអំឡុងពេលឈប់សំចតនៅកម្ពុជានេះ មានកម្មវិធីមួយចំនួននឹងត្រូវធ្វើឡើងមានដូចជាពិព័រណ៍ពិសេសលើនាវា JS URAGA និងការសម្តែងលំហាត់សុច្ឆន្ទៈកម្លាំងនាវិកស្វ័យការពារជើងទឹកជប៉ុន ដោយមានការពន្យល់អំពីឧបករណ៍បោសសម្អាតមីន, ពិព័រណ៍មុជទឹកដោយអ្នកមុជទឹកកម្ចាត់អាវុធជាតិផ្ទុះ និង
ការតាំងពិព័រណ៍ប្រព័ន្ធកម្ចាត់មីនជាដើម។
មេបញ្ជាការ ព្រមទាំងនាវិកលើនាវាស្វ័យការពារជើងទឹកជប៉ុន ក៏នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកំពង់ផែសមុទ្ររាមផងដែរ។
ស្ថានទូតជប៉ុននៅកម្ពុជា បានគូសបញ្ជាក់ថា ការមកដល់នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ដើម្បីអបអរខួបលើកទី៣០ នៃការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុន មកបំពេញបេសកកម្មនៅកម្ពុជា។ ការបញ្ជូនកងរក្សាសន្តិភាពរបស់ជប៉ុននាពេលនោះ គឺជាការបញ្ជូនចេញក្រៅប្រទេសជាលើកដំបូងរបស់ជប៉ុន។
ស្ថានទូតជប៉ុន បានបង្ហាញក្តីសង្ឃឹមថា តាមរយៈខួបនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់កម្ពុជានេះ កម្ពុជា និងជប៉ុន នឹងបន្តអភិវឌ្ឍនូវទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
នាវាទាំងពីរគ្រឿងនេះ ដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ៕