ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្ទឹងត្រែង បើកសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ មានការអញ្ជើញជាអធិបតីដោយលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ពិធីបានប្រារព្ធធ្វើនៅសាលប្រជុំសាលាធំខេត្ត រយៈពេល១ថ្ងៃកន្លះ នៅថ្ងៃទី១៥ និង១៦ ខែមីនា ឆ្នាំ២០២២។
មានវត្តមានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតនេះ រួមមាន លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្ត អភិបាលក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងការិយាល័យប្រជាពលរដ្ឋ មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ២២២នាក់។
នៅក្នុងរបៀបវារៈសំខាន់ៗនៃអង្គសន្និបាតរួមមាន៖
១-ប្រសាសន៍បើកសន្និបាតរបស់ឯកឧត្តម អភិបាលខេត្ត
២-របាយការណ៍សង្ខេបស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២
៣-ផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ
៤-បទបង្ហាញស្តីពីរបាយការណ៍សមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤
៥-បទអន្តរាគមន៍របស់វិស័យជំនាញ។
ថ្លែងក្នុងពិធីបើកសន្និបាត លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំសន្និបាតនេះ គឺដើម្បីត្រួតពិនិត្យ និងឆ្លុះបញ្ចាំងនូវវឌ្ឍនៈភាពការងារលើគ្រប់វិស័យរបស់រដ្ឋបាលខេត្ត ដោយរកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនានាដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅនេះ ឈានទៅរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។លោកអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកសមាជិកាអង្គសន្និបាតទាំងអស់ត្រូវរួមគ្នាពិនិត្យ និងពិភាក្សាផ្លាស់ប្តូរនូវបទពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឲ្យទទួលបានលទ្ធផលល្អ មានតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃអណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោក អភិបាលខេត្ត បានបន្តទៀតថា អង្គសន្និបាតនេះដែរ នឹងទទួលបាននូវធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ រដ្ឋបាលខេត្តបានរៀបចំឲ្យមានប្រធានបទពិភាក្សាតាមក្រុម សំខាន់ផ្តោតលើក វិធានការទប់ស្កាត់បទល្មើស ការកាប់រុករានទន្ទ្រានដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិ បញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លី ព្រមទាំងការផ្ដល់សេវារដ្ឋបាលនៅតាមថ្នាក់ឃុំ សង្កាត់។ មួយវិញទៀតបានផ្ដោតសំខាន់ទៅលើលទ្ធភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងស្ថាប័នទទួលខុសត្រូវ ព្រមទាំងពិភាក្សាបន្ថែមលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តទទួលបានជោគជ័យផងដែរ។
ដោយឡែកការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តមានកិច្ចសហការ មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ធបាលក្រុង/ស្រុក បានខិតខំប្រឹងប្រែងសហការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងខេត្តស្ទឹងត្រែង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចំណែកការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្ត រដ្ឋបាលខេត្តស្ទឹងត្រែងបានដាក់ចេញនូវវិធានការបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
លោក អភិបាលខេត្ត ក៏បានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់ឱ្យបានផុលផុស ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់រដ្ឋបាលខេត្តស្ទឹងត្រែងសម្រាប់ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោក អភិបាលខេត្ត ក៏បានសូមឱ្យអង្គសន្និបាតទាំងមូលផ្ដោតការយកចិត្តទុកដាក់ ក្នុងការចូលរួម ពិនិត្យ ពិភាក្សា លើបញ្ហានានា និងផ្ដល់ជាធាតុចូលទាំងឡាយទៅក្នុងក្រុមពិភាក្សានីមួយៗ ដើម្បីធានាបាននូវផែនការ និងវិធានរួមលម្អិតមួយដែលមានភាពប្រាកដប្រជា ធានាបាននូវភាពជាម្ចាស់របស់ស្ថាប័ន ព្រមទាំងអាចអនុវត្តបាន ប្រកបដោយជោគជ័យនាឆ្នាំ២០២២៕