ខ្ចីម៉ូតូមិត្តភក្តិជិះទៅទិញភេសជ្ជៈស្ទីងមួយភ្លែតបែរជាយកទៅបញ្ចាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់​បានខ្ចីម៉ូតូមិត្តភក្តិរបស់ខ្លួនថា ជិះទៅទិញភេសជ្ជៈស្ទីងមួយភ្លែត បែរជាជិះយកទៅបញ្ចាំ ហើយទីបំផុតជនរងគ្រោះជាម្ចាស់ម៉ូតូបានប្តឹងទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្ដង។ ករណីនេះ​ បានកើតឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៧និង១៣នាទី នៅចំណុចមុខមន្ទីរអប់រំខេត្តកណ្តាលក្នុងភូមិ​​តាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ  ខេត្តកណ្ដាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ អ៊ុក លីហាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរបុគ្គលិកក្រុមហ៊ុនសែល។ចំណែកជនសង្ស័យឈ្មោះ ស៊ុំ ស៊ីរ៉ា ភេទប្រុស​ អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ​បុគ្គលិកក្រុមហ៊ុនក្រែប(ឃាត់​ខ្លួន​) ។ ចំពោះសម្ភារបាត់បង់មានម៉ូតូ១គ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួនិងលេខម៉ាស៊ីន6154351 ពាក់ស្លាកលេខ​ ប៉ៃលិន1D-0449 ។
ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះនិងជនសង្ស័យត្រូវជាមិត្តភក្តិនឹងគ្នា ហើយជនរងគ្រោះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះមិនស្គាល់មន្ទីរអប់រំខេត្តកណ្តាលក៏បានពឹង ជនសង្ស័យឱ្យជិះម៉ូតូជូនខ្លួនមកដកសញ្ញាបត្រនៅមន្ទីរអប់រំខេត្តកណ្តាល ដោយជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1D -0449 របស់ជនរងគ្រោះឌុបគ្នាទៅ។ លុះពេលទៅដល់មន្ទីរអប់រំខេត្តកណ្តាល ជនសង្ស័យបានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះដោយប្រាប់ថា ជិះទៅទិញស្ទីងផឹកមួយភ្លែត​។ ភ្លាម​នោះជនរងគ្រោះក៏ព្រមឱ្យខ្ចី ហេីយបានដេីរចូលទៅក្នុងមន្ទីរអប់រំទៅ។ លុះពេលចេញមកពីមន្ទីរអប់រំវិញ ស្រាប់តែបាត់មិនទាន់ឃេីញជនសង្ស័យយកម៉ូតូត្រឡប់មកវិញទៀត ទេីបជនរងគ្រោះបានទូរស័ព្ទទៅជនសង្ស័យ សួរថានៅឯណា?ជនសង្ស័យប្រាប់ថានៅភ្នំពេញ។ បន្ទាប់មកជនរងគ្រោះបានជិះឡំប្រឺតាទៅជួបជនសង្ស័យនៅភ្នំពេញ ហើយជនសង្ស័យប្រាប់ថាម៉ូតូបានយកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវបាត់ហើយក្នុងតម្លៃ១០០០ដុល្លារយកទៅលេងល្បែងចាញ់អស់។ ឮដូច្នេះជនរងគ្រោះបានប្តឹងសមត្ថកិច្ចប៉ុស្តីព្រែករាំងឱ្យជួយឃាត់ខ្លួនជនសង្ស័យបញ្ជូនមកប៉ុស្តិ៍នគរបាលតាខ្មៅដើម្បីយកមកសាកសួរ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការបន្តតាម​នីតិវិធី៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print