ពលករខ្មែរមកពីប្រទេសថៃតាមច្រកព្រំដែនបាត់ដំបងថយចុះព្រោះត្រូវឆ្លងកាត់វិធានការសុខាភិបាល

ចែករំលែក៖

ខេត្តបាត់ដំបង៖ ចរន្តនៃការវិលត្រឡប់របស់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃចូលស្រុកវិញតាមព្រំដែនខេត្តបាត់ដំបងមានការថយចុះគួរឲ្យកត់ សម្គាល់។ ការថយចុះនេះមួយផ្នែកក៏ដោយសារការរឹតបន្តឹងរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងជំងឺកូវីដ19។ ប៉ុន្តែចំនួនពលករដែលត្រូវបានរកឃើញឆ្លងកូវីដ-១៩ មានការកើនឡើង ខណៈវិធានការសុខាភិបាលនៅច្រកព្រំដែនត្រូវបានរឹតបន្តឹង។

បើតាមលោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួត ពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង វិធានការសុខាភិបាលនៅច្រកព្រំដែន ត្រូវបាន​រឹតបន្តឹង​ដោយគ្មានការ​ធ្វេស ប្រហែស​ឡើយ ទោះបី​រំហូរពលករខ្មែរវិល ត្រឡប់មកពីប្រទេសថៃ មានការថយចុះ ហើយពលករភាគច្រើន មានកាតចាក់វ៉ាក់សាំងចាប់ពី២ដូសឡើងទៅ។ វិធានការសុខាភិបាលត្រូវបានបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដោយមិនធ្វេសប្រហែសមួយវិនាទីណាឡើយ។

លោកមានស្នាក់ការបានឱ្យដឹងបន្ថែមថា ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃទាំងអស់ ​ត្រូវបានយក​សំណាក​ធ្វើ​តេស្តរហ័ស​រកជំងឺកូវីដ-១៩ នៅចំណុចច្រកព្រំដែន​ ហើយចំពោះអ្នកវិជ្ជមាន ក្រុម​គ្រូពេទ្យ​នឹង​បញ្ជូនទៅព្យាបាល​ ។ រីឯអ្នកអវិជ្ជមានគ្មានកាតចាក់វ៉ាក់សាំង​ ត្រូវ​​បញ្ជូន​ទៅ​ធ្វើចត្តាឡីស័ក ហើយអ្នក​អវិជ្ជមាន​មានកាត​ចាក់វ៉ាក់សាំងគ្រប់២ដូស ​ត្រូវបាន​អនុញ្ញាត​ឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។

ប្រធានច្រកព្រំដែនរូបនេះ ​បានបញ្ជាក់ថា ​មួយ រយៈពេលចុងក្រោយនេះ​ រំហូរពលករថយចុះ​ ប៉ុន្តែ ក្នុង​ចំណោមពលករចូលមកជាង ១០០នាក់ក្នុង១ថ្ងៃ ​មានចន្លោះពី ៣ទៅ ៥នាក់ ត្រូវបាន​ធ្វើតេស្តរហ័ស ​រកឃើញឆ្លងជំងឺកូវីដ-១៩ ​ខណៈមុន​នេះ រំហូរពលករកើនឡើង ក្នុងចំនួន​ចន្លោះពីជាង ២០០នាក់​ទៅជិត ៣០០នាក់​ តែការរកឃើញឆ្លងកូវីដ-១៩ មានតិចតួច ឬស្ទើរតែគ្មាន។

គួរកត់​សម្គាល់ថា ​ក្នុងមួយរយៈពេលចុងក្រោយនេះ​ ការរីករាលដាលនៃជំងឺកូវីដ-១៩​ ក្នុងខេត្តបាត់ដំបង ​មាន ការហក់ឡើងបន្តិចវិញ ​ក្រោយ​មាន​ការ​ស្ងប់ស្ងាត់​មួយ​រយៈពេលធំ។ យ៉ាងណាក៏ដោយការកើនឡើងនៃជំងឺ covid-19 នៅខេត្តបាត់ដំបងមិនមែនសុទ្ធតែដោយ សារពាក់ពន្ធ័ការវិលត្រឡប់របស់បងប្អូនពលករដែលមកពីប្រទេសថៃនោះឡើយ។

ដើម្បីចូលរួមទប់ស្កាត់​ការរីករាលដាលឆ្លងជំងឺកូវីដ-១៩​ កងកម្លាំង​ចម្រុះការពារព្រំដែនកម្ពុជា_ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង​ បានធ្វើទំនាក់ទំនង ​និងសហការយ៉ាង​ជិតស្និទ​ជាមួយភាគីថៃ ដើម្បី​ទប់ស្កាត់​មិនឲ្យប្រជាពលរដ្ឋខ្មែរ​លបលួច​ឆ្លងដែន​ចូលទៅក្នុងទឹកដីថៃ ដោយមិនស្របច្បាប់។ ពោលគឺបណ្ដាជនដែលឆ្លងព្រំដែនទាំងអស់សុទ្ធតែត្រូវឆ្លងកាត់ការធ្វើតេស្ត៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print