ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន នឹងបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុប ដោយលោកនឹងទៅកាន់ទីក្រុង Brussels និងទៅកាន់ប្រទេសប៉ូឡូញ ដែលជាប្រទេសសមាជិករបស់ណាតូ ហើយជាប្រទេសសំខាន់ដែលអាចជួយដល់អ៊ុយក្រែនបាន។ ប្រភពព័ត៌មានពីក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា ប្រធានាធិបតីបៃឌិន នឹងបំពេញទស្សនកិច្ចទៅកាន់ការិយាល័យរបស់អង្គការណាតូនៅទីក្រុង Brussels ប្រទេសបែលហ្ស៊ិកដើម្បីជួបពិភាក្សាជាមួយបណ្តាប្រទេសជាសមាជិកណាតូនៅថ្ងៃទី ២៣ខែមីនា ដោយផ្តោតសំខាន់ទៅលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ បន្ទាប់មក លោកបៃឌិននឹងបន្តទៅកាន់ប្រទេសប៉ូឡូញ ដែលមានទីតាំងជាប់ព្រំដែនអ៊ុយក្រែន។ ប៉ុន្តែគម្រោងទស្សនកិច្ចនោះអាចផ្លាស់ប្តូរទៅតាមស្ថានភាពជាក់ស្តែងនៅអ៊ុយក្រែន។ អង្គការណាតូកំពុងតែបារម្ភខ្លាចត្រូវអូសទាញចូលក្នុងសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន ហើយណាតូខ្លាចប្រឈមមុខជាមួយប្រទេសមហាអំណាចបរមាណូ។ ផ្ទាល់ខ្លួនលោកបៃឌិន ធ្លាប់បានប្រកាសជាច្រើនលើកហើយថា អាមេរិកនឹងមិនបញ្ជូនទាហានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិប្រទេសអ៊ុយក្រែននោះឡើយ។ សង្រ្គាមនៅអ៊ុយក្រែនដែលបានឈានចូលដល់សប្ដាហ៍ទី៣ បាន និងកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសជាសមាជិក NATO ដូចជាប៉ូឡូញជាដើមភ័យខ្លាចអាចនឹងផ្ទុះជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។ លោក បៃឌិនក៏បានអះអាងជាច្រើនលើកដែរ ថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែសន្យាថានឹងការពារដែនដី NATO មិនឱ្យបាត់បង់សូម្បីតែមួយចំអាម៕ ដោយធីរីណា
រូបថត៖AFP/VNA