ភ្នំពេញ : នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគៀង ប្រធានអគ្គសេនាធិការ បានអញ្ជើញមកចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់១៨ ខែមីនា ឆ្នាំ២០២២។
អញ្ជើញទៅទទួលគណៈប្រតិភូដល់ព្រំដែនបាវិត មានវត្តមាន នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ និងនាយទាហានមួយចំនួនទៀត។ ដោយឡែកបន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ (AMOM-12) បណ្ដាប្រតិភូកងទ័ពប្រទេសជាសមាជិកអាស៊ាន បានចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ និងជាប្រធាននៃកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ នារសៀលថ្ងៃទី១៥ មីនា នៅសណ្ឋាគារសុខាភ្នំពេញ។
សូមបញ្ជាក់ថា, នៅថ្ងៃទី១៥ ខែមីនានេះ កងទ័ពកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ (AMOM -12) ដើម្បីឈានទៅរកកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19) នាពេលខាងមុខនេះ ៕
ដោយ : សិលា