នាយករដ្ឋមន្ត្រី៣ប្រទេសក្នុងសហគមន៍អឺរ៉ុប គឺនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆេក ប៉ូឡូញ និងស្លូវ៉ាគី កាលពីថ្ងៃទី១៥ខែមីនាបានធ្វើដំណើរតាមរថភ្លើងទៅកាន់រដ្ឋធានីកៀវដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។ សកម្មភាពទាំងនោះគឺជាការបង្ហាញការគាំទ្រដល់អ៊ុយក្រែនក្នុងពេលមានគ្រោះអាសន្ន។
កន្លងមក មេដឹកនាំប្រទេសទាំងបី បានប្រឹក្សាជាមួយប្រមុខដឹកនាំអឺរ៉ុប មុនពេលសម្រេចទៅកាន់ប្រទេសអ៊ុយក្រែន ។ នេះជាសកម្មភាពបង្ហាញការគាំទ្ររបស់សហគមន៍អឺរ៉ុបទាំងមូលចំពោះឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរប្រធានាធិបតីអ៊ុយក្រែនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ដំណើរទស្សនកិច្ចគាំទ្រនេះ។
នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆេក លោក Petr Fiala បានលើកឡើងថា «គោលដៅនៃដំណើរទស្សនកិច្ចនោះ គឺជាសារសំខាន់មួយបញ្ជាក់ប្រាប់មិត្តអ៊ុយក្រែនថា ពួកគាត់មិននៅឯកាម្នាក់ឯងនោះឡើយ អឺរ៉ុបតែតែកៀកស្មាជាមួយអ្នក»។
ពាក់ព័ន្ធនឹងជនភៀសខ្លួនដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ការិយាល័យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិបានឱ្យដឹងថា ជនភៀសខ្លួនអ៊ុយក្រែនជាង ៣លាននាក់បានទៅដល់បណ្ដាប្រទេសជិតខាងអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមជាមួយរុស្ស៊ីផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។
យោងតាមទីភ្នាក់ងារ UN មួយនេះ, តួលេខអ្នកដែលបានភៀសខ្លួនចេញពីអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី១៥ ខែមីនា បានកើនឡើងដល់ ៣,០០០,៣៨១នាក់។ ក្នុងនោះមនុស្សសរុប ១,៨៣០,៧១១នាក់ បានចេញទៅកាន់ប្រទេសប៉ូឡូញ, ៤៥៩.៤៨៥នាក់ ទៅប្រទេសរូម៉ានី, ៣៣៧,៣១៥នាក់ ទៅប្រទេសម៉ុលដាវី, និង ២៦៧,៥៧០ចេញទៅកាន់ប្រទេសហុងគ្រី។
សង្រ្គាមរវាងរុស្ស៊ី នឹងអ៊ុយក្រែន បានឈានចូលដល់សប្តាហ៍ទី៣ ខណៈដែលការចរចាក៏បានឈានដល់ជុំទី៤ផងដែរ។ កិច្ចចរចាប៉ុន្មានលើកមកនេះ រវាងទីក្រុងកៀវ នឹងទីក្រុងមូស្គូ មកទល់ពេលនេះទទួលបានលទ្ធផលតិចតួចស្តួចស្តើងប៉ុណ្ណោះ។ ក្រៅតែពីការបង្កើតច្រក របៀងមនុស្សធម៌ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងរបស់អ៊ុយក្រែនមួយចំនួន ដែលរងការវាយប្រហារធ្ងន់ធ្ងរពីសំណាក់យោធារុស្ស៉ី៕
ដោយធីរីណា