កូរ៉េខាងត្បូងមានគម្រោងបន្ថយការរឹតត្បិតបើទោះបីមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ក្តី

ចែករំលែក៖

កូរ៉េខាងត្បូងមានគម្រោងកាត់បន្ថយការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បើទោះបីមានករណីឆ្លងខ្ពស់នៅក្នុងប្រទេសនេះជារៀងរាល់ថ្ងៃក៏ដោយ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កូរ៉េខាងត្បូងរកឃើញករណីឆ្លងកើនឡើងជាង៤សែននាក់ ។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (KDCA) របស់កូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃទី១៦ខែមីនានេះថា មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃចំនួន៤០០,៧៤១នាក់ ។ ជាមួយគ្នានេះប្រទេសកូរ៉េខាងត្បូង បានកត់ត្រាថ្ងៃដែលមានអ្នកស្លាប់ដោយសារតែជំងឺកូវីដ-១៩ ច្រើនបំផុត គឹនៅថ្ងៃអង្គារទី១៥ខែមីនាម្សិលមិញ ដែលមានអ្នកស្លាប់ចំនួន២៩៣នាក់។ មន្រ្តីសុខាភិបាលកូរ៉េខាងត្បូង បាននិយាយថា ការឆ្លើយតបផ្នែកវេជ្ជសាស្រ្តនៅបន្តមានស្ថិរភាពដដែល បន្ទាប់ពីបានប្រឹងប្រែង ដើម្បីពង្រីកធនធាន៣០ភាគរយនៃបន្ទប់សង្រ្គោះបន្ទាន់នៅទូទាំងប្រទេស សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 គឺនៅទំនេរ។ ប៉ុន្តែពួកគេបានព្រមានថា សម្ពាធទៅលើប្រព័ន្ធមន្ទីរពេទ្យអាចនឹងកើនឡើង នាប៉ុន្មានសប្តាហ៍ខាងមុខនេះ។ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកូរ៉េខាងត្បូង លោកស្រី ផាក ហ៊ីយ៉ាង (Park Hyang) បាននិយាយថា ដោយសារ តែអត្រាអ្នកចាក់វ៉ាក់សាំងខ្ពស់ រហូតមកដល់ពេលនេះ បើទោះបីជាមានអ្នកឆ្លងជំងឺអូមីក្រុងច្រើនក៏ដោយ ក៏អត្រាស្លាប់គឺនៅទាប បើប្រៀបធៀបទៅនឹងករណីដែលបានកើតឡើងនាពេលកន្លងទៅនៅឯសហរដ្ឋអមេរិក និងតំបន់អឺរ៉ុប ជាដើម។ ពលរដ្ឋកូរ៉េខាងត្បូងជាង៦២ភាគរយបានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។ ថ្មីៗនេះក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានបន្ធូរបន្ថយការរឹតបន្តឹងលើវិធានការចត្តាឡីស័ក, ការត្រួតពិនិត្យតាមព្រំដែន ហើយមិនតម្រូវឱ្យមានការបង្ហាញលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង ឬការធ្វើតេស្តអវិជ្ជមាន ដោយមនុស្សពេញវ័យ ពេលចូលកាន់ទីតាំងណាមួយ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋកាន់តែច្រើនអាចធ្វើការព្យាបាលនៅតាមផ្ទះ៕ ដោយធីរីណា

...

រូបថត៖Yonhap

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print