ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្ទឹងត្រែង ពិធីបិទសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងមានអញ្ជើញចូលរួមជាគណៈអធិបតីដោយ លោក អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល នាយឧត្តមសេនីយ៍អគ្គស្នងការរង ឯកឧត្តម លោកស្រី អគ្គាធិការ អគ្គនាយករង អគ្គាធិការរង អគ្គលេខាធិការរង អនុប្រធាននាយកដ្ឋាន លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
មានវត្តមានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតនេះ រួមមាន លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្ត អភិបាលក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងការិយាល័យប្រជាពលរដ្ឋ មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ២៤២នាក់ ពិធីបិទសន្និបាតនេះប្រារព្ធធ្វើនៅសាលប្រជុំធំសាលាខេត្ត។
ក្រោយពីបានស្តាប់របាយការណ៍សង្ខេបអំពីលទ្ធផលនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសការងារឆ្នាំ២០២២ ដោយលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួចមក លោក ផៃ ប៊ុនឈឿន បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះ ចំនួន០៩ចំនុចសំខាន់ៗដូចខាងក្រោម៖
ទីមួយ៖ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបសកម្មភាពលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋាន ទូទាំងខេត្ត។
ទីពីរ៖ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបន្តពង្រឹងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារដែលបាន ផ្ទេររួចហើយពីថ្នាក់ជាតិប្រកបដោយភាពម្ចាស់ការ និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងមានភាពច្នៃប្រឌិត ដើម្បីធានាអនុវត្តឲ្យសម្រេចបាននូវមុខងារទាំងនេះស្របតាមស្តង់ដាអប្បរមានៃការផ្តល់សេវា និងគោលនយោបាយទៅតាមវិស័យនីមួយៗ។
ទីបី៖ ការគ្រប់គ្រង ធនធានធម្មជាតិ និងការដោះស្រាយវិទាទដីធ្លីការងារគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ចការដែលមានការពាក់ព័ន្ធតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ននៅក្នុងការតាក់តែងក្របខណ្ឌគោលនយោបាយ ក្របខណ្ឌច្បាប់ ។
ទីបួន៖ ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន បន្តពង្រឹង ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសជិតខាង ។
ទីប្រាំ៖ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម យកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈ ងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានាទូទាំងខេត្ត ជាពិសេសផ្តល់ការគាំទ្រ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ។
ទីប្រាំមួយ៖ ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គមរដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវខិតខំបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តនូវប្រព័ន្ធកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំដែលបានរៀបចំ និងដាក់ឲ្យអនុវត្តសម្រាប់ប្រភេទរដ្ឋបាលនីមួយៗ ដែលមានលក្ខណៈ បើកចំហរ មានតម្លាភាព មានការពិគ្រោះយោបល់ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងស្របទៅតាមចរិត លក្ខណៈរបស់រដ្ឋបាលនីមួយៗដើម្បីធានាដល់ការប្រើប្រាស់ ធនធាននានាឆ្លើយតបទៅនឹងតម្រូវការជា អាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយ ប្រសិទ្ធភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌។
ទីប្រាំពីរ៖ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានពង្រឹងការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋមកទទួលសេវានៅកន្លែងតែមួយ ព្រមទាំង ពិនិត្យ តាមដាន និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង ស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ។
ទីប្រាំបី៖ ការពង្រឹងការអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ ។
ទីប្រាំបួន៖ ការពង្រឹងរបៀបរបបការងារទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ក្រុង ស្រុក ត្រូវធ្វើជាស្នូលក្នុងការពង្រឹងរបៀបរបបការងារផ្ទៃក្នុង ក្រុមប្រឹក្សា និងគណៈអភិបាលរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន៕