ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយលោកស្រីអនុប្រធានធនាគារពិភពលោក​ ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក

ចែករំលែក៖

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយ លោកស្រី​ Manela V.Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ​ នៅទីស្តីការក្រសួង។

ជាកិច្ចចាប់ផ្តើម លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ដែលបានផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេស ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការ អភិវឌ្ឍន៍ហេដ្ឋារចនារចនាសម្ព័ន្ធនៅកម្ពុជា និងបានបង្ហាញពីសុទិដ្ឋិនិយមក្នុងការពង្រីកកិច្ចសហប្រតិ បត្តិការបន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាត។

ជាមួយគ្នានោះផងដែរ លោក​ទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីដំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចុះពិនិត្យសមិទ្ធផលសម្រេចបាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងស្ថានភាពនៃការអនុវត្តគម្រោងស្ថាបនានិងពង្រីកផ្លូវជាតិលេខ៤ ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី ក៏បានធ្វើការកត់សម្គាល់ផងដែរអំពីវិស័យសក្កានុពល និងអាទិភាពមួយចំនួន របស់កម្ពុជា ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រពីធនាគារពិភពលោក ការវាយតម្លៃលើសូចនាករដែលត្រូវសម្រេចបាន ការសិក្សាអំពីតម្រូវការអាទិភាពជាក់ស្តែង ការស្វែងយល់ អំពីស្ថានភាពនៃតម្រូវការនិងមធ្យោបាយឈានទៅសម្រេចបានលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព។ 

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រេច បាន និងគម្រោងកំពុងអនុវត្តបន្ត ដែលក្នុងនោះរួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម ផែនការមេដឹក ជញ្ជូនឆ្លងកាត់ព្រំដែន និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់នៅខេត្តសៀមរាបដែលជាតំបន់ប្រកប ដោយសក្កានុពលសេដ្ឋកិច្ច និងទេសចរណ៍។ 

លោកទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា៖ ក្រសួងបានរៀនសូត្របទពិសោធន៍ជាច្រើនពីគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងផែនការគ្រប់គ្រងទឹកកខ្វក់ នៅពេលទីក្រុងមានការរីកចម្រើនយ៉ាង រហ័ស និងបានស្នើសុំការគាំទ្រពីធនាគារពិភពលោកដើម្បីអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាម បណ្តារាជធានី-ខេត្តសំខាន់ៗឱ្យបានទូលំទូលាយ ដើម្បីធ្វើឱ្យប្រសើរឡើងសុខុមាលភាពប្រជាពលរដ្ឋ។

 

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរអំពីគោលបំណងនៃការបង្កើតវិទ្យា ស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានជំនាញ ច្បាស់លាស់ សំដៅដោះស្រាយបញ្ហាវិបត្តិកង្វះអ្នកបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគតក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ ហើយបច្ចុប្បន្នវិទ្យាស្ថានកំពុងត្រូវការការគាំទ្រទាំងផ្នែកសម្ភារៈ និងហិរញ្ញវត្ថុដើម្បីបណ្តុះ បណ្តាលមិនត្រឹមតែសម្រាប់សិស្សនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួង ក្នុងការពង្រឹងគុណភាពការងារផងដែរ។

បន្ថែមពីនេះ​ លោកទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីបញ្ហាប្រឈមទាក់ទងនឹងការត្រួតពិនិត្យបច្ចេកទេសនៃការសាងសង់ផ្លូវ ការកសាងសមត្ថភាពមន្ត្រីរបស់ក្រសួងដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងទីប្រឹក្សាបច្ចេកទេសនិងក្រុមហ៊ុនម៉ៅការ ការបណ្តុះបណ្តាលគ្រូបង្គោលលើជំនាញបច្ចេកទេស សាងសង់ផ្លូវក្នុងការធានាចីរភាពយូរអង្វែង ការគាំទ្រពីវិទ្យាស្ថានបច្ចេកទេសកូរ៉េ(KICT)ដើម្បីកសាងសមត្ថភាពមន្ត្រីរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនលើការបង្កើតកម្មវិធីសិក្សា គម្រោងសាងសង់ផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ចថ្មីខេត្តសៀមរាប ស្ទឹងត្រែង ទៅខេត្តរតនគិរី រហូតដល់ព្រំដែន វៀតណាមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប លោកស្រី Manuela V.

Ferro បានកត់សម្គាល់ដោយយកចិត្តទុកដាក់ទៅលើសំណើ ទាំងឡាយ ដែលបានលើកឡើងដោយលោកទេសរដ្ឋមន្ត្រី និងគូសបញ្ជាក់ថាធនាគារនឹងពិនិត្យ លទ្ធភាពផ្តល់អ្នកជំនាញឯកទេសដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីក្រសួង ក៏ដូចជាមន្ត្រីនៃវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ជាពិសេសខិតខំប្រឹងប្រឹងពន្លឿនការគាំទ្រការអនុវត្តគម្រោង នានានៅកម្ពុជាឱ្យបានឆាប់រហ័ស។ បន្ថែមពីលើនេះលោកជំទាវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការពិភាក្សាលើគ្រប់ប្រធានបទនានាដើម្បីពង្រីកកាលានុវត្តភាពបន្ថែមទៀត។ 

សូមជម្រាបជូនថា៖ លោកស្រី Manuela V. Ferroជាសេដ្ឋវិទូ និងជាអ្នកដឹកនាំ ជាន់ខ្ពស់មួយរូប នៃ ធនាគារពិភពលោក មានសញ្ញាបត្របណ្ឌិតផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចពីសាកលវិទ្យាល័យ Stanford University និងសញ្ញាបត្រវិស្វកម្មពីសាកលវិទ្យាល័យ Technical University of Lisbon ប្រទេសព័រ ទូហ្កាល់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print