ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ DATO SERI PAHLAWAN HAJI MUHAMMAD HASZAIMI BIN BOL HASSAN មេបញ្ជាការកងទ័ពប្រ៊ុយណេ ដែលជំនួបនេះបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់មេបញ្ជាការកងទ័ពប្រ៊ុយណេ ដែលបានផ្តល់កិត្តិយស អញ្ជើញមកចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ សង្ឃឹមថា តាមរយៈកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានឆ្នាំនេះ មេបញ្ជាការកងទ័ពព្រុយណេ នឹងចូលរួមពិភាក្សា ផ្លាស់ប្តូរទស្សនៈល្អៗ ដើម្បីកិច្ចប្រជុំទទួលបានលទ្ធផលផ្លែផ្កាផ្កា ។
ក្នុងកិច្ចឆ្លើយតប ឧត្តមសេនីយ៍ទោ មេបញ្ជាការកងទ័ពព្រុយណេ បានសំដែងការអរគុណចំពោះបដិសណ្ឋារកិច្ចដ៏ល្អពីសំណាក់កម្ពុជា និងបានអបអរសាទរ ចំពោះការរៀបចំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានឆ្នាំនេះដោយផ្ទាល់ ដែលជាឱកាសល្អ សម្រាប់កងទ័ពបណ្តាប្រទេសសមាជិកអាស៊ាន ធ្វើការពិភាក្សា និងផ្លាស់ប្ដូរទស្សនៈបានទូលំទូលាយ៕
ដោយ : សិលា