មិនខុសពីប្រទេសស៊ីរីនោះឡើយ ប្រទេសលោកខាងលិចបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយលាតត្រដាងពីការវាយប្រហារដោយអាវុធគីមីក្លែងក្លាយក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាលស៊ីរី។ ប៉ុន្តែសកម្មភាពនៃការវាយប្រហារដោយអាវុធគីមី គឺជាសកម្មភាពក្លែងក្លាយ។ នៅពេលនេះដែរ ប្រទេសលោកខាងលិចកំពុងតែប្រើយុទ្ធសាស្ត្របែបនេះទៅលើប្រទេសរុស្ស៊ី ។ ចំណែកករណីដែលអាមេរិកបើកមន្ទីរពិសោធន៍ជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន អាមេរិកបែរជាមិនបានបំភ្លឺករណីនោះឡើយ។ ក្នុងពេលនេះក្រសួងការបរទេសចិនបានថ្លែងម្តងទៀតជុំវិញករណីមន្ទីរពិសោធន៍ជីវសាស្ត្ររបស់អាមេរិកនៅអ៊ុយក្រែន៖ «អាមេរិកមានកាតព្វកិច្ចឆ្លើយតបចំពោះការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ»។ ជុំវិញការដែលលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីសម្តែងឥរិយាបថអំពីមន្ទីរពិសោធន៍ជីវសាស្ត្រយោធាអាមេរិក លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១៦ ខែមីនា ថា អាមេរិកមានកាតព្វកិច្ចគោរព «អនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ» ហើយក៏មានកាតព្វកិច្ចឆ្លើយតប ចំពោះការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិផងដែរ។ តាមការផ្សាយដំណឹងឱ្យដឹងថា លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកមានមន្ទីរពិសោធន៍ជីវសាស្ត្រយោធារាប់រយកន្លែងនៅតំបន់នានាលើពិភពលោក ក្នុងនោះរួមទាំង ៣០កន្លែងនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលក្នុងតំបន់។ រុស្សីនឹងស្នើឱ្យរដ្ឋហត្ថលេខីនៃ «អនុសញ្ញាហាមឃាត់អាវុធជីវសាស្រ្ត» ធ្វើការពិនិត្យពិភាក្សាចំពោះករណីនេះ ព្រមទាំងខិតខំជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការរារាំងដល់ការបង្កើតយន្តការត្រួតពិនិត្យនៃអនុសញ្ញានេះ។ ក្នុងពេលនេះដែររដ្ឋមន្រ្តីការបរទេសបារំាងលោកJean-Yves Le Drian បានប្រាប់កាសែតLe Parisien ក្នុងបទសម្ភាសន៏មួយនៅថ្ងៃ១៦ខែមីនាថា ប្រទេសបារាំងនឹងពិចារណាឱ្យរុស្ស៊ីទទួលខុសត្រូវ ចំពោះការប្រើប្រាស់អាវុធគីមី ឬអាវុធជីវសាស្រ្តក្នុងសង្រ្គាមនៅអ៊ុយក្រែន។ លោក ឡឺឌ្រីយ៉ង់ បាននិយាយថា «ប្រសិនបើមានការវាយប្រហារដោយសារធាតុគីមី ឬអាវុធជីវសាស្រ្តនៅក្នុងប្រទេសអ៊ុយក្រែន យើងនឹងដឹងយ៉ាងច្បាស់ថា អ្នកណាជាអ្នកទទួលខុសត្រូវចំពោះពួកវា»។ លោកថា ការប្រើប្រាស់អាវុធគីមី ឬអាវុធជីវសាស្រ្តនេះជារឿងដែលមិនអាចអត់ឱនឱ្យបាន ហើយវានឹងនាំទៅរកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែធំនិងធ្ងន់ធ្ងរ និងគ្មានការលើកលែងអ្វីទាំងអស់ទៅលើប្រទេសរុស្ស៊ី។ បើទោះបីជាយ៉ាងណា លោករដ្ឋមន្រ្តីការបរទេសបារាំង មិនបានបកស្រាយវែងឆ្ងាយអំពីទណ្ឌកម្ម ដែលត្រូវដាក់ក្នុងកាលៈទេសៈបែបនោះទេ៕ ដោយធីរីណា