ការដាក់ទណ្ឌកម្មបង្កកប្រាក់ និងការដកទុនចេញពីប្រទេសរុស្ស៊ីបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី ។ រាល់ដៃគូពាណិជ្ជកម្មរបស់ទីក្រុងមូស្គូបានដកចេញទាំងអស់ លើកលែងតែប្រទេសចិនមួយប៉ុណ្ណោះ ។ កន្លងមកមន្ត្រីហិរញ្ញវត្ថុរបស់រុស្ស៊ីលោក Anton Siluanov បានបញ្ជាក់ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយចិនគឺរឹងមាំ ក្នុងពេលដែលបណ្តាប្រទេសលោកខាងលិចបានបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morisson បាននិយាយថា ចិននឹងត្រូវប្រឈមផលវិបាក ប្រសិនបើគាំទ្រចំពោះ ការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដោយលោកគូសបញ្ជាក់ថា ទង្វើបែបនេះគឺ «គួរឱ្យស្អប់ខ្ពើម» ហើយបង្ហើបពីឆន្ទៈចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងប៉េកាំង។ នៅពេលត្រូវបានសួរថា តើមានការត្រៀមដាក់ទណ្ឌកម្មណាមួយ ទៅលើប្រទេសចិនដែរឬទេជុំវិញការដែលទីក្រុងប៉េកាំងបដិសេធថ្កោលទោសប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូដែលកំពុងបន្តនៅអ៊ុយក្រែននោះ, លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា អូស្រ្តាលីនឹងចូលរួមជាមួយសម្ព័ន្ធមិត្តក្នុងការដាក់ទណ្ឌកម្មលើចិន។ លោកបន្ថែមថា «យើងនឹងបោះជំហានដូចគ្នាជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើងលើបញ្ហានេះ ហើយសហរដ្ឋអាមេរិកក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយចំនួនយ៉ាងច្បាស់ទាក់ទងនឹងរឿងនេះផងដែរ ដោយយើងគាំទ្រចំពោះសេចក្តីថ្លែងការណ៍ទាំងនោះ»។ លោក ម៉ូ រីសសុន បានអំពាវនាវដល់ «ពិភពលោកទាំងមូលឲ្យបញ្ឈប់អំពើហិង្សា និងការវាយប្រហារដ៏អាក្រក់របស់រុស្ស៊ីនៅអ៊ុយក្រែន»។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីបានទទូចឱ្យទីក្រុងប៉េកាំងត្រូវតែមាន «តម្លាភាពបំផុត» អំពីចំណងទាក់ទងរបស់ខ្លួនជាមួយទីក្រុងមូស្គូ ដូចជាលទ្ធភាពនៃការជួយសង្រ្គោះផ្នែកសេដ្ឋកិច្ច ឬក៏ការជួយជ្រោមជ្រែងផ្នែកយោធាដល់ប្រទេសរុស្ស៉ីជាដើម។ ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីនេះ គឹស្រដៀងគ្នាទៅនឹងសេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោនដែរ ដែលបានព្រមានអំពី «ផលវិបាកធ្ងន់ធ្ងរ»សម្រាប់ប្រទេសចិន ប្រសិនបើមានការផ្តល់ជំនួយផ្នែកយោធា ឬសេដ្ឋកិច្ចណាមួយ ដល់ទីក្រុងមូស្គូ៕ ដោយធីរីណា
រូបថត៖viettimes.vn