ភ្នំពេញ÷នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Wordofa Dereje ប្រធានអង្គការកុមារ SOS អន្តរជាតិ។
នៅក្នុងជំនួបនេះ លោកប្រធានអង្គការ SOS អន្តរជាតិបានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកពិតជាមានកិត្តិយសជាអនេកដែលបានសម្ដេចតេជោអញ្ជើញចូលរួមជាអធិបតីក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS នៅព្រៃវែងកាលពីព្រឹកមិញនេះ ។ ប្រធានអង្គការ SOS បានពេញចិត្តចំពោះការថ្លែងសន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន អំពីការបារម្ភ និងយកចិត្តទុកដាក់ចំពោះសុខមាលភាព និងអនាគតរបស់កុមារ។
នៅក្នុងឱកាសនេះ លោកក៏បានគោរពសម្ដែង នូវការថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឲ្យអង្គការSOS ធ្វើជាដៃគូកន្លងមក ហើយដៃគូនេះទៀតសោត បានអនុញ្ញាតឲ្យអង្គការ SOS មានដំណើរការកាន់តែខ្លាំងឡើងក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ក្នុងការបំពេញបេសកកម្មជួយដល់កុមារ និងផ្ដល់ជូន កុមារ និងក្រុមគ្រួសារនូវ ក្តីស្រឡាញ់ ការថែទាំ និងជាពិសេសការអប់រំដើម្បីជួយដល់កុមារទាំងនោះឲ្យបានប្រែក្លាយសុបិនរបស់ពួកគេទៅជាការពិត ។ លោកក៏បានប្ដេជ្ញាចំពោះសម្ដេចតេជោ ហ៊ុន សែន ថា អង្គការ SOS នឹងប្រឹងប្រែងបន្តទៀត ដើម្បីជួយដល់កុមារឲ្យកាន់តែច្រើនឡើង ក្នុងការសម្រេចបានក្នុងក្តីសុបិន្តរបស់ពួកគេ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្តីរីករាយជាមួយនឹងភាពជាដៃគូ SOS ដែលចំណងទាក់ទង ២០ឆ្នាំមិនមានការថយចុះនេះបង្ហាញ នូវភាពរឹងមាំ ភាពជាដៃគូរបស់អង្គការ SOS និងរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅលើពិភពលោកយើងនេះ មិនមានប្រទេសណារងគ្រោះខ្លាំងជាងគេដូចប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក៏ដោយកម្ពុជាមិនអនុញ្ញាតឲ្យកុមារ និងយុវជនកម្ពុជាអត់បាយនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា ការិយាល័យល្អមិនមែនជាអាទិភាពរបស់កម្ពុជា សម្រាប់មន្ត្រីកម្ពុជានោះទេ ប៉ុន្តែជម្រកនឹងសេចក្តីត្រូវការរបស់កុមារទេ ដែលជាអាទិភាពរបស់កម្ពុជា។ សម្ដេចតេជោ បានឯកភាពជាមួយអង្គការ SOS ក្នុងការថែរក្សាកុមារ ដើម្បីឱ្យកុមារចេញទៅមានចំណេះវិជ្ជាអាចរកការងារធ្វើ អាចបម្រើការងារ ឬអាចប្រកបអាជីវកម្មតាមក្តីសុបិនរបស់ពួកគេ៕