ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង,ស្ពាននិងបើកការដ្ឋានសាងសង់ស្ពាន៩កន្លែងក្នុងស្រុកស្រីសន្ធរ

ចែករំលែក៖

(ខេត្តកំពង់ចាម)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិននិងជាមេ បញ្ជាការកងទ័ពជើងគោកនៅព្រឹកថ្ងៃទី១៧ ខែមីនាឆ្នាំ២០២២បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងចំនួន១ខ្សែ ប្រវែង ១៦,១៣៣ គ.ម និងផ្លូវក្រាលកៅស៊ូ DBST ០១ខ្សែ ប្រវែង ៥,០៨ គ.ម និងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ៩កន្លែង នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសំដែងការចូលរួមអបអរសាទជាមួយប្រជាពលរដ្ឋស្រុកស្រីសន្ធរចំពោះសមិទ្ធ ផលផ្លូវ និងស្ពានទាំងនេះ ដែលនឹងក្លាយជាគុណ ប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជនក្នុងមូលដ្ឋាន រួមទាំងអ្នកដំណើរមកទីជិតឆ្ងាយ។ ជាក់ស្តែងណាស់ សមិទ្ធផលទាំងនេះ បានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជន ដែលមានក្រុមហ៊ុនប៉េង ហួត គ្រុប និង ក្រុមហ៊ុនក្រុមហ៊ុន បុរីអង្គរ ភែលេស ចូលរួមចំណែកជាមួយរាជរដ្ឋភិបាល ក្នុងការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី «សិល្បៈនៃការចែករំលែក» ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ប្រជាពលរដ្ឋកម្ពុជាមានភ័ព្វសំណាងដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំ ប្រកបដោយចក្ខុវិស័យខ្ពស់ ហើយដែលបំណងប្រាថ្នាដ៏ធំបំផុតរបស់ សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ ដែលសំដៅទៅលើ ការរីកធំធាត់លូតលាស់រាងកាយ សុខភាព និងសមត្ថភាពបញ្ញា ក៏ដូចជាសេចក្តីសុខស្ងប់ផ្នែកផ្លូវចិត្ត គឺសំដៅទៅលើការមិនព្រួយបារម្ភអំពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា ដោយសម្តេចតេជោ បាននាំមកនូវសុខសន្តិភាព និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ព្រមទាំងបង្កលក្ខណៈឱ្យមានការជួយគាំទ្រ និងចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម»។

លោកបណ្ឌិតហ៊ុនម៉ាណែត បានអរគុណប្រជាពលរដ្ឋស្រុកស្រីសន្ធរ ដែលតែងជឿទុកចិត្ត និងផ្តល់ការគាំទ្រដល់ សម្តេចតេជោ ហើយតែងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលកន្លងមក។ លោកសំណូមពរ ឲ្យបន្តជួយគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យមានឱកាសបន្តបំពេញកាតព្វកិច្ច ក្នុងការបម្រើប្រជាពលរដ្ឋ ឱ្យមានជីវភាពកាន់តែសុខសាន្ត និងរុងរឿង តាមរយៈការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមជាមួយនឹងការខិតខំពង្រឹង និងពង្រីកនូវសមិទ្ធផលវិជ្ជមានទាំងទ្បាយឱ្យកាន់រីកដុះដាល និងខ្លាំងក្លាបន្ថែមទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print