កំពង់ឆ្នាំង ៖ ផ្ទះអ្នកលក់គ្រឿងជ័រ និង គ្រឿងអគ្គិសនីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ខ្មួលខ្មាញ់ បន្ទាប់ពីម្ចាស់ផ្ទះបានបិទទ្វារ ផ្ទះចេញផុត ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី១៧ខែមិនាឆ្នាំ២០២២នៅជិតផ្សារលើ ស្ថិតនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ក្នុងហេតុការណ៍អគ្គិភ័យកំពុងតែឆាបឆេះ លោកជំទាវ កែច័ន្ទមុនីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្តនិង លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានចុះដឹកនាំកម្លាំងជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ។
សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលត្រូវ ឆាបឆេះនេះមានឈ្មោះ អ៊ឹង ជីប៉ោ ត្រូវជាប្តី ។ អគ្គិភ័យនេះបានឆាបឆេះពីជាន់ខាងលើនៃអគារ ដែលបានផ្ទុកគ្រឿងជ័រ និង សម្ភារៈផ្សេងៗទៀតជាច្រើន ។ ក្នុងហេតុការណ៍អគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានចេញអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ ដោយបានទប់ស្កាត់ មិនឱ្យអគ្គិភ័យឆេះរាលដាលទៅផ្ទះផ្សេងទៀត ។
នៅពេលនេះសមត្ថកិច្ចនៅពុំទាន់អាចសន្និដ្ឋានបាននៅឡើយនោះទេ អំពីមូលហេតុជាក់លាក់ នៃករណីបង្ករឱ្យមានអគ្គិភ័យនេះកើតឡើង ដែលនៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍ពន្លត់ភ្លើង ៕ចន្ថា