(តពីលេខមុន).
មុនដំបូង មានទូកមួយផ្ទុកដោយផើងម្សៅ ចង្ក្រាន ខ្ទះ និងខ្លាញ់ជ្រូកដាក់នៅក្បាលទូកអុំទៅបឹងមុនគេ ហើយដាក់ខ្លាញ់ក្នុងខ្ទះឲ្យក្តៅកាលណា ដល់ដើមស្នោគេបន្ទន់ដើមស្នោយកផ្កាវាច្រលក់ក្នុងម្សៅរួចដាក់ចៀនក្នុងខ្លាញ់ក្តៅឱ្យឆ្អិន ហើយគេបន្តដំណើរទៅទៀត ទាល់តែនៅក្នុងបឹងនោះគេឃើញសុទ្ធតែនំផ្កាស្នោជាប់នៅនឹងដើមស្នោមីរដេរដាស។ ពេលដែលអ្នកស្រុកនិមន្តព្រះសង្ឃដាក់ទូកទៅឆាន់នំផ្កាស្នោនោះ គេនាំគ្នាលេងប្រណាំងទូក។ នៅស្រុកខ្លះទូកប្រុសអុំប្រណាំងនឹងទូកស្រីៗហើយមានច្រៀងផ្ដោះផ្ដងគ្នាយ៉ាងសប្បាយ។
ដល់ពេលឡើងគោក គេរៀបកម្សាន្តដោយយកអាហារទៅបរិភោគដោយព្រៃមាន ត្រី ព្រលិតស្នោ ត្រកៀត ជាដើម។ ក្នុងការកម្សាន្តបែបដូចខាងលើនេះប្រជាជនខ្មែរដូចជាចង់ភ្លក់ក្រេបនូវអំណោយរបស់ទឹកជំនន់ ដែលតែងនាំមកនូវជីជាតិគ្រប់យ៉ាងមុននឹងធ្វើពិធីសងគុណទឹកដែលជាកិច្ចក្រោយបំផុត។ ដល់ថ្ងៃពេញបូរមី ខែកត្តិក មានធ្វើបុណ្យមួយទៀតយ៉ាងឧឡារឹកដែលបារាំងនាំគ្នាឲ្យឈ្មោះថា” បុណ្យទឹក” បុព្វហេតុដែលនាំឱ្យធ្វើបុណ្យនេះក៏ដូចគ្នានឹងការបណ្ដែតប្រទីបដែរ។ខ្លះថាធ្វើដើម្បីសងគុណទឹកដី និងសុំខមាទោសទឹកដី ដោយបានបន្ទោបង់នៅរបស់មិនស្អាត។ ខ្លះទៀតពោលថា គេធ្វើដើម្បីគោរពចំពោះស្នាមព្រះពុទ្ធបាទ ដែលបានប្រតិស្ឋានទុកនៅលើផ្នូកខ្សាច់នម្មទា ដែលជាទន្លេរបស់ប្រទេស យោនក:(លាវប៉ែកខាងលិច) ។ ខ្លះថា គេធ្វើរំលឹកដល់ទូកដែលគេធ្វើថ្វាយព្រះពុទ្ធអង្គ នៅពេលដែលទ្រង់និព្វានទៅធ្វើឲ្យបាត់រាំងភ្លៀងនៅនាក្រុងវេសាលី។ ខ្លះថាជាការបូជាចំពោះព្រះចង្កូមកែវដែលប្រតិស្ឋានទុកឯភពនាគអានោះ។
ជិតដល់ថ្ងៃប្រណាំងទូក ទូក.ងទាំងឡាយដែលនៅសន្ធឹងស្តូកហាក់ដូចជាដេកក្នុងទីវត្តនៅតាមក្បែរមាត់ទន្លេមេគង្គ និងទន្លេសាប។ អ្នកស្រុកនាំគ្នាធ្វើពិធីដាក់ទូកដើម្បីដាក់ទូកទៅក្នុងទឹកនឹងចេញទៅប្រណាំងឲ្យមានជ័យជម្នះ។
ល្ងាចពេលលោកសូត្រមន្ត គេរៀបចំសំណែនផ្សេងៗដាក់លើទូកហើយដាក់ច្រវាយោង ដែលមានលាបពណ៌យ៉ាងល្អជាងគេនៅលើក្បាលទូក ជួនកាលមានបាំងឆ័ត្រឬក្លស់ផង។
នៅតំបន់ជាច្រើនក្នុងពិធីដាក់ទូកនេះ មានរូប សំណឹងចូលជាន់ដើម្បីជួយទ្រទ្រង់ទូកនិងអ្នកអុំ។ គេក្រាលកន្ទេលមួយនៅក្បែរទូកសម្រាប់រូបសុំណឹង ហើយលេងភ្លេងអន្ទងលួងលោមខ្មោចឲ្យរួចជាន់។ ដល់ខ្មោចចូលជាន់ភ្លាមរូបនោះឡើងរាំធ្វើអាការជាអុំទូកហើយយកអំបោះ ឬកន្សែងចងដៃឱ្យអ្នកអុំធ្វើកិច្ចព្រំដោយទឹកមន្តសុំឲ្យទូក និងអ្នកអុំចេញទៅមានជ័យជម្នះ ជួនកាលរូបរលាស់ទឹកលើអ្នកភូមិដែលចូលមកជួបជុំក្នុងទីនោះផងដើម្បីឲ្យបានសេចក្តីសុខគ្រប់គ្នា។
ពេលព្រលឹមថ្ងៃបន្ទាប់ គេយកភ្នែកទៅពាក់ឲ្យទូក ហាក់បីដូចជាឲ្យទូកមានជីវិត។ ភ្លេងលេងបទតាមទម្លាប់ក្នុងពិធីនោះ។ គេស្រែកហ៊ោបីដងមុននឹងសែងទូកចេញពីបង្គងដាក់ចុះទៅក្នុងទឹក។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត