ខេត្តកំពង់ឆ្នាំង : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញថ្វាយបង្គំ ព្រះសព ព្រះមហាថេរបញ្ញានន្ទោ សំ បុណ្យសាន្ដ នាព្រឹក ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ។
ព្រះមហាថេរបញ្ញានន្ទោ សំ បុណ្យសាន្ដ (ជាសិស្សប្អូនលោកឪសួង) បានសុគតកាលពី ថ្ងៃសៅរ៍ ០៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤:៣៨នាទីល្ងាច ដោយជរាពាធ ក្នុងព្រះជន្ម ៩៥ ព្រះវស្សា។ បច្ចុប្បន្នព្រះសពតម្កល់ទុកសម្រាប់ពុទ្ធសាសនិកចូលថ្វាយបង្គំ សុំសេចក្តីសុខ សេចក្តីចម្រើន នៅវត្តវារីផាសុខារាមនេះផងដែរ ។
បន្ទាប់មកលោកស្រី បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យទានជូនដល់ព្រះមុនីសីលវង្សា ខុន ឆុន ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវារីផាសុខារាម វត្ដទឹកជុំ ស្ថិតនៅឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ជាពិសេស សូមឲ្យប្រទេសជាតិរួចផុតពីជម្ងឺកូវីដ-១៩ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរណ៍សប្បាយជានិច្ចនិរន្ត៍តរៀងទៅ៕