ខេត្តត្បូងឃ្មុំ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ព ជើងគោកមានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសជាតិបានដូចបច្ចុប្បន្ននេះ គឺដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា ។
លោកបណ្ឌិតបានមានប្រសាសន៍បន្ថែមថា កម្ពជាបន្តផ្តោតលើការជំរុញនាវាកម្ពុជាឱ្យធ្វើដំណើរទៅមុខ ហើយបើទោះជាជួបបញ្ហាប្រឈមច្រើនដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ក៏ដោយ ការអភិវឌ្ឍប្រទេសមិនបានឈប់សម្រាកនោះដែរពោលគឺយើងនៅតែបន្តរួមគ្នាអភិវឌ្ឍន៍ប្រទេសក្រោមម្លប់សន្តិភាព។
ការថ្លែងបែបនេះបានធ្វើឡើង របស់លោកឧត្តមសេនីយ៍ ឯក ហ៊ុនម៉ាណែត ក្នុងពិធីសម្ពោធឆ្លងមហាកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តឧទុម្ពរ (ហៅវត្តល្វា) ស្ថិតក្នុងភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅទី២០ ខែមីនា ឆ្នាំ២០២២។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំតស៊ូយកឈ្នះគ្រោះវិបត្តិនេះរហូតជោគជ័យគួរជាទីមោទនៈ ជាពិសេសអាទិភាពសំខាន់ចាំបាច់បំផុត គឺការការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការស្រោច ស្រពវ៉ាក់សាំង ព្រមជាមួយនឹងការរៀបចំទីតាំងព្យាបាលរបស់រដ្ឋនៅទូទាំងប្រទេសដោយមានការទំនុកបម្រុងថ្នាំសង្កូវ និងអាហារហូបចុកបរិបូរគ្រប់គ្រាន់ ។ នៅក្នុងដំណាក់កាលនៃការងើបឡើងវិញក្រោយវិបត្តិនេះ រាជ រដ្ឋាភិបាលក៏មានយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ក្នុងការស្តារឡើងវិញនូវផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋ កិច្ច ដើម្បីជំរុញឱ្យមានកំណើនជាថ្មីបម្រើឱ្យការធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះវិធានការជាច្រើនត្រូវបាន និងកំពុងបន្តអនុវត្តសម្រាប់ពេលចំពោះមុខ និងរយៈពេលមធ្យមទៅមុខ។
មុននឹងបញ្ចប់កម្មវិធីលោកបណ្ឌិតសូមអរគុណប្រជា ពលរដ្ឋខេត្តត្បូងឃ្មុំ ដែលជានិច្ចជាកាលតែងបានគាំទ្រ សម្តេចតេជោ គាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជាច្រើនអាណត្តិកន្លង មក៕
ដោយ៖ សូរិយា