រដ្ឋលេខាធិការក្រសួងការបរទេសចិនបានប្រកាសថា ការដាក់ទណ្ឌកម្មយ៉ាងតឹងតែងរបស់បណ្តាប្រទេសលោកខាងលិចទៅលើរុស្ស៊ី កំពុងតែបង្ខំឱ្យរុស្ស៊ីឈានចូលដល់ផ្លូវទ័ល ពេលនោះ នឹងមានលទ្ធផលអាក្រក់កើតឡើងជាមិនខាន។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខនៅទីក្រុងប៉េកាំង រដ្ឋលេខាធិការក្រសួងការបរទេស ចិន លោក Luo Yucheng បានបញ្ជាក់ថា ពលរដ្ឋរុស្ស៊ីត្រូវបានគេរឹបអូសយកទ្រព្យសម្បត្តិនៅក្រៅប្រទេស ដោយមិនមានមូលហេតុ ។ ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា ការដាក់ទណ្ឌកម្មមិនអាចដោះស្រាយគ្រប់បញ្ហានោះឡើយ។ លោក Luo Yucheng បានបន្តទៀតថា ការដាក់ទណ្ឌកម្មធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ ប្រព័ន្ធហិរញ្ញវត្ថុ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករងការខាតបង់យ៉ាងធំធេង។ លោកបន្តទៀតថា ការណ៍ដែលអង្គការណាតូបន្តពង្រីកនៅតំបន់ភាគខាងកើត គឺកំពុងតែបង្កឱ្យមានអសន្តិសុខ ពិសេសគឺប្រទេសរុស្ស៊ី។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ចិនកើតឡើងក្រោយពេលដែលបណ្តាប្រទេសលោកខាងលិចបានបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី ក្រោយការធ្វើសង្គ្រាមវាយប្រហារទៅលើប្រទេសអ៊ុយក្រែននាថ្ងៃទី ២៤ខែកុម្ភៈ៕ ដោយធីរីណា
រូបថត៖Bộ Ngoại giao Trung Quốc