ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២២ បានបញ្ជាក់ថា, លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំនួន៣ថ្ងៃ ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២។ ដោយឡែក
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រេសិតពិសេសរបស់អាស៊ាន លោក ប្រាក់ សុខុន នឹងចេញដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយនឹងភាគីពាក់ព័ន្ធនានា និងនាំជំនួយមនុស្សធម៌។
សម្តេចបានឱ្យដឹងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។
គួរបញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ធ្វើដំណើរទៅមីយ៉ានម៉ានេះ ក្នុងនាមលោកជាប្រេសិតពិសេសប្រធានអាស៊ានស្ដីពី «បញ្ហានៅមីយ៉ាន់ម៉ា» ដើម្បីជួបពិភាក្សាពីការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ានទៅកាន់មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា៕