ភ្នំពេញ : ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមអបអរសាទរចំពោះ ការបំពេញទស្សនកិច្ចផ្លូវការរបស់ លោក គីស៊ីដា ហ្វូមិអូ នាយករដ្ឋមន្ត្រីជប៉ុន នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ ដែលបានបញ្ចប់ទៅដោយជោគជ័យ និងផ្លែផ្កា។
សូមបញ្ជាក់ថា, នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានប្រជុំទ្វេរភាគីចំនួនជាង ២ម៉ោងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ។ ក្នុងកិច្ចប្រជុំនេះភាគីទាំងពីសម្រេចបានការចំណុចរួមចំនួន ២៤ចំណុចរាប់ចាប់តាំងពីកិច្ចសហប្រតិបត្តិការណ៍ទ្វេរភាគី វិស័យសេដ្ឋកិច្ច សុខាភិបាល សន្ដិសុខ ការផ្លាស់ប្ដូប្រជាជន ការអប់រំ លិទ្ធិប្រជាធិបតេយ្យ រហូតដល់បញ្ហាអន្តរជាតិសំខាន់មួយចំនួន។
នេះបើតាមសេចក្ដីថ្លែងការណ៍រួមដែលផ្ដល់ជូនដោយក្រសួងការបរទេសនាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ។
នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយនៅថ្ងៃអាទិត្យ ទី២០ ខែមីនានេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋចំនួន ២ថ្ងៃនៅកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចនឹងធ្វើដំណើរទៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំលើកទី៤ ស្ដីពីបញ្ហាទឹកនៅអាស៊ីប៉ាស៊ីហ្វិក។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា៖ «តបតាមការអញ្ជើញរបស់លោក គីស៊ីដា និងគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកនៅអាស៊ីប៉ាស៊ីហ្វិកខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំនេះនៅថ្ងៃទី២៣ និង២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុង Kumamoto ប្រទេសជប៉ុន»។
កិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅអាស៊ីប៉ាស៊ីហ្វិកលើកទី៤ (4th APWS) នឹងប្រព្រឹត្តទៅនៅទីក្រុង Kumamoto ប្រទេសជប៉ុន ដែលក្នុងនោះគណៈប្រតិភូជាន់ខ្ពស់រួមទាំងប្រមុខរដ្ឋ និងអ្នកតំណាងមកពីអង្គការអន្តរជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងពិភាក្សាអំពីបញ្ហាផ្សេងៗទាក់ទងនឹងទឹក។
APWS ទី៤ ក៏នឹងចែករំលែកជាមួយពិភពលោកនូវកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់ទីក្រុងម្ចាស់ផ្ទះ Kumamoto ក្នុងការអភិរក្សទឹកក្រោមដី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញរបស់ខ្លួនពីការរញ្ជួយដី Kumamoto ឆ្នាំ២០១៦៕
ដោយ : សិលា