ពលរដ្ឋស្រីលង្កាកំពុងប្រឈមនឹងវិបត្តិកង្វះថាមពលប្រេង និងតម្លៃកើនឡើងខ្ពស់។ លោកតាវ័យ ៧០ឆ្នាំម្នាក់ និង៧២ឆ្នាំម្នាក់ទៀតបានស្លាប់ដោយសារតែរង់ចាំតម្រង់ជួរទៅទិញប្រេងសាំងជាច្រើនម៉ោង។ សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងប៉ូលិសស្រីលង្កា នៅថ្ងៃទី ២០ខែមីនា បានបញ្ជាក់ថា លោកតាពីររូបបានដួលសន្លប់ហើយស្លាប់ដោយសារតែរង់ចាំយូរពេកក្នុងការទិញប្រេងសាំង ។ អ្នកនាំពាក្យកម្លាំងប៉ូលិសស្រីលង្កាលោក Nalin Thalduwa បានបញ្ជាក់ថា លោកតាវ័យ៧០ឆ្នាំបើកម៉ូតូកង់បី គាត់មានជំងឺទឹកនោមផ្អែមនិងជំងឺ បេះដូង ។ នៅពេលនេះដែរ ក្រសួងថាមពលស្រីលង្កាមិនទាន់មានប្រតិកម្មអ្វីចំពោះតម្លៃប្រេងឡើងថ្លៃនិងកង្វះប្រេងប្រើប្រាស់នៅក្នុងប្រទេសនៅឡើយទេ។ ជាច្រើនសប្តាហ៍កន្លងមក ពលរដ្ឋស្រីលង្កាត្រូវតម្រង់ជួរជាច្រើនម៉ោងទើបអាចចូលចាក់សាំងបាន ។ តំបន់ជាច្រើនប្រឈមនឹងការដាក់អគ្គិសនីបង្កផលលំបាកកាន់តែខ្លាំងក្នុងពេលប្រទេសជាតិកំពុងធ្លាក់នៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំងនេះ ។ ស្រីលង្កាបានផ្អាកសកម្មភាព ចម្រាញ់ប្រេងរបស់ខ្លួនកាលពីថ្ងៃទី ២០ខែមីនា ដោយសារតែឃ្លាំងស្តុកប្រេងឆៅអស់ពីស្តុក ៕ ដោយធីរីណា
រូបថត៖Reuters.