ភ្នំពេញ៖ នៅក្នុងរាជធានីភ្នំពេញនារាត្រីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ យប់មិញនេះ មេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំង បណ្តាលឱ្យតំបន់ និងលំនៅឋាន ប្រជាពលរដ្ឋមួយចំនួនបានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង។ ប៉ុន្តែដោយការយកចិត្តទុកដាក់ពីអាជ្ញាធរសង្កាត់ ខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញ បានធ្វើសកម្មភាពចុះកាយសំរាមចេញពីមាត់លូ និងប្រើប្រាស់ម៉ាស៊ីនបូមទឹកនៅ តាមស្ថានីយបូមទឹកមួយចំនួនទាំងយប់ ទើបធ្វើឱ្យទឹកបានស្រកចុះទៅវិញយ៉ាងលឿន។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឱ្យដឹងថា៖ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក។
ក្នុងស្ថានភាពនេះលោក ជា ពិសី អភិបាលខណ្ឌទួលគោកបានចាត់ឱ្យមន្ត្រីចុះពិនិត្យ និងដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងនេះ។ ក្នុងនោះ គេសង្កេតឃើញថា មហាវិថីកម្ពុជាក្រោម វិថីនេរុហ៍ មហាវិថីសហព័ន្ធរុស្ស៊ី មិនមានទឹកលិចលង់ទេ។ តែចំណែកមហាវិថីម៉ៅ សេទុង ត្រង់ចំណុចប្រសព្វផ្លូវលេខ២៣០ មានទឹកលិចលង់ក្នុងកម្រិតមធ្យម ហើយមន្ត្រីនិងកម្លាំងបានចុះកាយលូរហូតធ្វើឱ្យទឹកស្រកទៅវិញអស់។
លោកម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ ដោយមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើសកម្ម
ភាពភ្លាមៗលើការបូមទឹកចេញពីរាជធានីភ្នំពេញ។ ក្នុងនោះស្ថានីយដែលដំណើរការបូមទឹកកាលពីយប់មិញរួមមាន៖ ស្ថានីយបឹងត្របែក បឹងទំពុន ទួលសំពៅ កប់ស្រូវ ទួលគោកទី១ ទួលគោកទី២ បុរី១០០ខ្នង លូ៥ សរុបចំនួន៨ស្ថានីយ ទើបទឹកបានស្រកចុះទៅវិញយ៉ាងលឿន៕
ដោយ៖ រ៉ារ៉ា