អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក David Beckham បានប្រគល់គណនី Instagram របស់គាត់ទៅឱ្យវេជ្ជបណ្ឌិតដែលជួយស្ត្រីសម្រាលកូននៅទីក្រុង Kharkiv ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
លោក Beckham ដែលជាអតីតខ្សែបម្រើក្លិប Manchester United និង Real Madrid វ័យ៤៦ឆ្នាំ និងជាសហម្ចាស់ក្លិប Inter Miami ដែលបច្ចុប្បន្នកំពុងលេងនៅលីកបាល់ទាត់អាមេរិក Major League Soccer បានប្រាប់អ្នកតាមដាន Instagram របស់គាត់ចំនួន៧១.៦លាននាក់ឱ្យមើលប្រវត្តិរូបរបស់គាត់ដើម្បីមើលការងាររបស់អ្នកគ្រូពេទ្យឈ្មោះ Irina ដែលជាគ្រូពេទ្យវះកាត់កុមារ និងក្រុមរបស់នាងចំពេលមានសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។លោក Beckham ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិហៅកាត់ថា UNICEF បានបង្ហោះសារជាវីដេអូ និងបានអំពាវនាវដល់អ្នកតាមដាន Instagram របស់គាត់ឱ្យគាំទ្រការងាររបស់អង្គការនៅក្នុងប្រទេសអ៊ុយក្រែន។ទីក្រុង Kharkiv ត្រូវបានវាយប្រហារដោយកងទ័ពរបស់រុស្ស៊ីដែលបានបំផ្លាញអគារជាច្រើនចាប់តាំងពីទីក្រុងម៉ូស្គូបានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការពិសេស” នៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែមុន។ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និយាយថា ប្រតិបត្តិការនេះគឺសំដៅលើការរំសាយអាវុធអ៊ុយក្រែន និងកម្ចាត់អ្នកជាតិនិយមដ៏គ្រោះថ្នាក់។ បណ្តាប្រទេសលោកខាងលិចបានហៅថា ជាសង្គ្រាមឈ្លានពានដ៏គួរឲ្យស្អប់ខ្ពើម ហើយបានដាក់ទណ្ឌកម្មសំដៅធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីខូចខាតផងដែរ។អ្នកគ្រូពេទ្យ Irina ជាប្រធានមជ្ឈមណ្ឌល Perinatal ក្នុងតំបន់នៃទីក្រុង Kharkiv បានបង្ហោះវីដេអូនៃបន្ទប់ក្រោមដីដែលនាងបាននិយាយថា ស្ត្រីមានផ្ទៃពោះ និងម្តាយកុមារតូចៗត្រូវបានជម្លៀសចេញនៅថ្ងៃដំបូងនៃការលុកលុយរបស់រុស្ស៊ី។ នាងក៏បានចែករំលែករូបភាពនៃទារកទើបនឹងកើតដែលពឹងផ្អែកលើម៉ាស៊ីនជំនួយអុកស៊ីហ្សែន ដែលត្រូវបានបរិច្ចាគដោយអង្គការយូនីសេហ្វ។នាងបាននិយាយថា “ថ្ងៃដំបូងគឺលំបាកបំផុត យើងត្រូវរៀនពីរបៀបធ្វើការជាមួយការទម្លាក់គ្រាប់បែកនិងសោកនាថកម្ម។ យើងប្រហែលជាប្រថុយជីវិតរបស់យើង ប៉ុន្តែយើងមិនគិតពីវាទាល់តែសោះ យើងស្រលាញ់ការងាររបស់យើង”។
វីដេអូមួយក្នុងចំណោមវីដេអូរបស់គ្រូពេទ្យ Irina បានបង្ហាញស្ត្រីម្នាក់ឈ្មោះ Yana កំពុងឱបកូនប្រុសរបស់នាងឈ្មោះ Mykhailo ដែលបានកើតនៅថ្ងៃទី២នៃសង្រ្គាមជាមួយនឹងបញ្ហាផ្លូវដង្ហើម។ Irina បាននិយាយថា “Mykhailo ឥឡូវនេះមានភាពប្រសើរឡើង ប៉ុន្តែផ្ទះរបស់គ្រួសារគេត្រូវបានបំផ្លាញ។ គ្រូពេទ្យ និងគិលានុបដ្ឋាយិកានៅទីនេះ យើងបារម្ភ យើងយំ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកយើង បោះបង់ចោលឡើយ” ៕ (រូបភាព ៖ Reuters/CNA)