ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញសរុបចំនួន៤៧៨នាក់ ដោយមានចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកកងរាជអាវុធហត្ថជាច្រើនរូបទៀត។
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង ដែលទទួលបានមុខតំណែង និងឋានន្តរស័ក្តិថ្មីនាពេលនេះត្រូវតែខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឱ្យបានល្អ ប្រកបដោយវិន័យ សណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារសន្តិសុខសង្គម ទប់ស្កាត់ បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសបន្តរួមចំណែកអនុវត្ត បេសកកម្មប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខទៀតដោយឥតរុញរា និងអនុវត្តឱ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាការណែនាំនានារបស់ក្រសួងសុខាភិបាល នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង៕
ដោយ៖ចន្ទ លីហ្សា